(ភ្នំពេញ)៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ​ បានអនុញ្ញាតឱ្យលោក​ Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើមលោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវសុទិដ្ឋិនិយម និងការតាំងចិត្តខ្ពស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ។ លោកបានបង្ហាញអំពីមោទនភាពដែលប្រទេសអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានចូលរួមចំណែកយ៉ាងសកម្មជាមួយកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន។

បន្ថែមពីនេះលោក​ Derek Yip ក៏បានបង្ហាញពីចំណាប់អារម្មណ៍លើផែនការ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ព្រមទាំងរំពឹងថាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី នឹងអាចចូលរួមចំណែកសាងសង់ក្នុងគម្រោងណាមួយនាពេលខាងមុខផងដែរ។

មានប្រសាសន៍នាឪកាសនោះដែរ​ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាដែលមានកម្លាំងពលកម្មវ័យក្មេង ហើយការបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៀតសោត មិនមែនបម្រើតែទីផ្សារប្រជាជនចំនួន ១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែបម្រើឱ្យទីផ្សារនៃមហាអនុតំបន់ទន្លេមេគង្គដែលមានប្រជាជនរហូតដល់ទៅ ៣៣០លាននាក់។

ដើម្បីជំរុញឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអនុវត្តស្របតាមអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលនឹងផ្តល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគ។

បន្ថែមពីនេះផងដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីផែនការនៃដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួនបន្ថែមទៀតនៅមុនដំណាច់ឆ្នាំ២០២៤នេះ ដើម្បីផ្តល់ព័ត៌មានអំពីសក្តានុពលរបស់កម្ពុជាទៅកាន់វិនិយោគិនអន្តរជាតិបានកាន់តែទូលាយ។

ជាមួយគ្នានេះ ចំពោះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានជម្រាបបន្ថែមជូនលោកឯកអគ្គរដ្ឋទូតអំពីផែនការអភិវឌ្ឍន៍មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ ដែលបើកឱកាសជូនវិនិយោគិនពីគ្រប់បណ្ដាប្រទេសអាចពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគ៕