(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកបណ្ឌិត ស៊ិនឡៈវង់ ឃុតផៃធូត ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤-២០២៨ រវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នៅសណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកឡើងអំពីទំនាក់ទំនងការទូតកម្ពុជា-ឡាវ បានចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦ ជាចំណងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី ដែលទំនាក់ទំនងនេះ ត្រូវបានពង្រឹង និងពង្រីករហូតមក ហើយត្រូវបានលើកកម្ពស់ទៅជា «ភាពជាដៃគូរយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងយូរអង្វែង» នៅក្នុងឆ្នាំ២០១៩។

ជាការឆ្លើយតបលោកបណ្ឌិត ស៊ិនឡៈវង់ ឃុតផៃធូត ក៏បានចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏វៀងវៃរបស់សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ទន្ទឹមនឹងនោះផងដែរ គណ:ប្រតិភូឡាវ ក៏សូមសិក្សារៀនសូត្រ និង ចែករំលែកបទពិសោធន៍ អំពីការពង្រឹង ឃុំ សង្កាត់ ពីកម្ពុជា។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណភាគីកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូឡាវ ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះផងដែរ។

នៅក្នុងពិធីចុះអនុស្សរណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤-២០២៨ រវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានឯកភាព ៨ចំណុច លើអនុស្សរណ:យោគយល់គ្នា ដើម្បីបន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង៕