(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសស្វែងរកម្ចាស់ដើមដែលបានបាត់ម៉ូតូ និងម៉ូតូកង់បី អាចយកឯកសារទៅផ្ទៀងផ្ទាត់ ដើម្បីយកម៉ូតូរបស់ខ្លួនវិញ ក្រោយសមត្ថកិច្ច ចុះឆែកឆេរ​ទីតាំង​ទទួលផលចោរកម្មមួយកន្លែងស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញមានម៉ូតូចំនួន ៣១គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿង សុទ្ធតែម៉ូតូចោរលួចយកមកលក់បញ្ចាំ។

បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅវេលាម៉ោង១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ចោរលួចម៉ូតូ១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកវត្ថុតាងម៉ូតូ ១គ្រឿង និងនាំមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ដើម្បីសួរនាំ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដែរថា ការឃាត់ខ្លួនចោរលួចម៉ូតូនេះ ធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីចោរម្នាក់បានលួចម៉ូតូរបស់ជនរងគ្រោះបានហើយ យកទៅលក់នៅកន្លែងទទួលទិញ និងបញ្ចាំមួយកន្លែង។

ក្រោយពីទទួលបានពាក្យបណ្ដឹងហើយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានដឹកនាំកម្លាំងអាវុធហត្ថមួយក្រុម ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ក្រោយពេលស្តាប់​ចម្លើយជនសង្ស័យ​រួចមកកម្លាំងជំនាញ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ និងឆែកឆេរ​ទីតាំង​ទទួលផលចោរកម្មមួយកន្លែង នោះស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមានការចូលរួម លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង ព្រមទាំងមានកិច្ចសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទីតាំងផងដែរ ពេលកម្លាំងត្រួតពិនិត្យ និងឆែកឆេរក្នុងទីតាំងខាងលើនោះរកឃើញមានម៉ូតូចំនួន៣១គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿងផងដែរ សុទ្ធតែម៉ូតូចោរលួចយកមកលក់បញ្ចាំកន្លងមក។

ចំណែកឯជនសង្ស័យដែលជាអ្នកទទួលបញ្ចាំបានរត់គេចខ្លួនបាត់ ពេលដកហូតបានហើយ វត្ថុតាងម៉ូតូ ត្រូវបានកម្លាំងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ដើម។
វត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យជាម្ចាស់ហាងបញ្ចាំ​សមត្ថកិច្ច​កំពុងស្រាវជ្រាវឃាត់ខ្លួនចាត់តាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងទទួលការសម្របសម្រួលពី លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត អាវុធហត្ថខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យភិនភាគម៉ូតូនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារផង៕