(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងនគរបាលព្រំដែនគោក កម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្ត ការិយាល័យទំនាក់ទំនងព្រំដែន(BLO) ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះលោក គីម រិទ្ធី បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលកំពុង់ឈរជើងការពារព្រំដែននៅសមរភូមិមុខ បានលះបង់កម្លាំងកាយចិត្ដពុះពារការលំបាក ក្នុងការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ បង្ក្រាប បង្ការ ការទប់ស្កាត់បទល្មើសនានា ជាពិសេសការចរាចរណ៍ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស នាពេលកន្លងមកបានលទ្ធផលល្អប្រសើរ។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងឱ្យបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀត ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន រួមចំណែកបង្កលក្ខខណ្ឌអំណោយផល​ដល់ការប្រកបជីវភាព​រស់នៅរបស់ប្រជាជននៅតាមព្រំដែន ដោយឈរលើស្មារតីសាមគ្គីភាពគ្នាទៅវិញទៅមក។

បន្ថែមពីនេះលោក គីម រិទ្ធី ក៏បានណែនាំឱ្យបន្តពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរព័ត៌មានឱ្យគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ ព្រមទាំងបន្តចាត់វិធានការម៉ឺងម៉ាត់ និងសហកាជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន​រវាងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយនឹងការចុះពិនិត្យ នឹងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទាំង៣នាឱកាសនោះ លោកអភិបាលខេត្តព្រះវិហារ ក៏បាននាំយកនូវអំណាយទៅផ្ដល់ជូន ដោយក្នុងមួយទីតាំងទទួលបាន អង្ករ ចំនួន២៥០គីឡូក្រាម មី៥កេស ត្រីខ៥យួរ  ទឹកស៊ីអ៊ីវ៣យួរ ទឹកត្រី២យួរ ព្រមទាំងថវិកា ២លានរៀលផងដែរ៕