(សៀមរាប)៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការវាយតម្លៃពាក់កណ្តាលអាណត្តិ ផែនការយុទ្ធសាស្រ្ត ២០១៤-២០១៨ និងលទ្ធផលវាយតម្លៃប្រព័ន្ធធានាគុណភាពផ្ទៃក្នុងនៅ ស.វ.ស នៅសណ្ឋាគារសោមាទេវី ខេត្តសៀមរាប ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងពីសមិទ្ធិផលនានា ដែលសាកលវិទ្យាល័យសម្រេច បានដោយបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ២០១៤-២០១៨ របស់សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ទទួលការឯកភាព និងប្រកាសដាក់ឲ្យអនុវត្តនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។
លោកបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ សាកលវិទ្យាល័យអនុវត្តផែនការយុទ្ធសាស្រ្តនេះ បានរយៈពេល ២ ឆ្នាំ ហើយ ដោយសម្រេច បាននូវសមិទ្ធិផលជាច្រើនលើការធ្វើកំណែទម្រង់ ផ្នែកបណ្តុះបណ្តាល ការស្រាវជ្រាវ អភិបាលកិច្ចនិងទំនើបកម្ម ការពង្រីកហេដ្ឋារចនា សម្ព័ន្ធកិច្ច សហប្រតិបត្តិការជាតិ និងអន្តរជាតិនិងការធានាគុណភាព របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
សាកលវិទ្យាល័យបានរៀបចំការវាយតម្លៃផែនការ យុទ្ធសាស្រ្តពាក់កណ្តាលអាណត្តិឆ្នាំ ២០១៤-២០១៨ និងវាយតម្លៃ ប្រព័ន្ធធានា គុណភាពផ្ទៃក្នុង របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយបានអញ្ជើញអ្នកជំនាញ មកពីវិទ្យាស្ថាន AIT នៃប្រទេសថៃ ។ ការងារវាយតម្លៃនេះ បានចាប់ផ្តើម តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦មក និងទើបបានបញ្ចប់នាពេលនេះ។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃសាកលវិទ្យាល័យ ដែលបានខិតខំបំពេញ ការងារ សម្រេចបាននូវសមិទ្ធិផលជាច្រើន និងបានរៀបចំឲ្យមានការវាយតម្លៃ ពាក់កណ្តាលអាណត្តិផែនការយុទ្ធសាស្រ្តឆ្នាំ ២០១៤-២០១៨ និងការរវាយតម្លៃប្រព័ន្ធធានាគុណភាពផ្ទៃក្នុង របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនេះឡើង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លទ្ធផលនៃការវាយតំលៃពាក់កណ្តាលអាណត្តិនេះ នឹងអាចជួយតម្រង់ទិសកែសម្រួល និងពន្លឿនការ អនុវត្តនានា នៃផែនការយុទ្ធសាស្រ្តរបស់ ស.វ.ស សំដៅឈានដល់ការសម្រេចបាននូវគោលដៅគ្រោងទុករបស់សាកលវិទ្យាល័យ នាដំណាច់ឆ្នាំ២០១៨ខាងមុខ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្រ្តីបានណែនាំឲ្យអង្គសិក្ខាសាលាទាំងមូល ខិតខំពិភាក្សារិះរកវិធីសាស្រ្តនានា ដែលមានប្រសិទ្ធិភាព និងប្រកបដោយភាព ច្នៃប្រឌិតខ្ពស់ ដើម្បីកែសម្រួលយុទ្ធសាស្រ្ត និងពន្លឿនការអនុវត្តផែនការ យុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ ដើម្បីសម្រេចបានដូច ទិសដៅដែលបានកំណត់។
លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ ដល់អ្នកជំនាញមកពីវិទ្យាស្ថាន AIT ដែលបានចូលរួមធ្វើការវាយតម្លៃ និង China Medical Board ដែលបានឧបត្ថម្ភថវិកាសំរាប់ ដំណើរការវាយតម្លៃនេះ៕