(បាត់ដំបង)៖ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន App NoDrug : https://nodrugsnacd.com/download ដល់ប្រជាពលរដ្ឋដែលមកទស្សនាក្នុងពិធីប្រណាំងទូកថ្ងៃទី២ នៅខេត្តបាត់ដំបង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក ធូ ភា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង ដែលបានដឹកនាំកម្លាំងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់យុវជនដែលបានចូលរួមធ្វេីសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលជាចលនាមួយមានសារៈសំខាន់ចាំបាច់ណាស់ជួយដល់សង្គមព្រោះថាអ្វីៗទាំងអស់គឺចាប់ផ្ដើមពីយុវជន​។

ការងារសង្គមទាំងឡាយឱ្យតែមានការចូលរួមធ្វេីសកម្មភាពពីយុវជន គឺសកម្មភាពនោះប្រាកដជាទទួលបានជោគជ័យ។

ថ្លែងក្នុងនាមលោក សុខ លូ អភិបាលខេត្ត, លោក ធូ ភា សូមថ្លែងអំណរគុណ និងអំពាវនាវដល់យុវជនទាំងអស់ ត្រូវចូលរួមឲ្យបានសកម្មនៅក្នុងការងារជួយសង្គមនានាពិសេសការបដិសេធ​ចំពោះគ្រឿងញៀនកុំឱ្យមានគ្រោះថ្នាក់ដល់សុខភាព ព្រោះថាកាលណាយើងការពារសុខភាពរបស់ប្រជាពលរដ្ឋពិសេសយុវជនកុំឲ្យទៅពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន​ នោះប្រទេសជាតិយើងនឹងរីកចម្រើនបានកាន់តែឆាប់រហ័ស។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា តួនាទីរបស់យុវជនក្នុងការចូលរួមបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឲ្យរីករាលដាលក្នុងសហគមន៍ គឺពិតជាចាំបាច់​ ព្រោះថាអ្នកប្រើគ្រឿងញៀនភាគច្រើនជាយុវជន ដូចនេះប្រសិនបើយុវជនគាត់បានចូលរួមមិនទៅពាក់ព័ន្ធ មិន​សេពគប់ មិនអូសទាញមិត្តភក្កិឲ្យទៅប្រើប្រាស់គ្រឿងញៀន នោះសហគមន៍យើងនឹងមានសុខសុវត្ថិភាព​ ហើយសម្ដីរបស់យុវជន គឺឆាប់ចាក់ឫសចូលជ្រៅក្នុងបេះដូងយុវជនដូចគ្នា យុវជនអាចដឹងច្បាស់ពីតម្រូវការចាំបាច់របស់យុវជនដូចគ្នា៕