(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិចូលមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជាមួយរដ្ឋបាលខេត្តក្រចេះបម្រើប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានគូសបញ្ជាក់ថាសមិទ្ធផលរយៈពេល ៩ខែ នៃឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់គ្រប់ភាគីសម្រេចឱ្យបានសមិទ្ធផលថ្មីៗបន្ថែមជូនទឹកដីខេត្តក្រចេះ។

ការវាយតម្លៃរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅត្រីមាសទី៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដើម្បីត្រួតពិនិត្យ ជំរុញនិងគាំទ្រការអនុវត្តកម្មវិធូនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងរដ្ឋបាលថ្នាក់ក្រុងស្រុក ឃុំសង្កាត់ ជាង ៤០០នាក់។

យោងតាមរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, ក្រុមការងារបានយកចិត្ត ទុកដាក់ប្រមូលផ្តុំធ្វើសកម្មភាពយ៉ងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតូួនាទីភារកិច្ចតាមរយៈការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មវិធីនានា និងការចុះធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានក្រុង ស្រុកឃុំ សង្កាត់ សម្រេចបានក្នុងត្រីមាសទី៣ ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២៤ សរុប៩៦លើក មានប្រជាពលរដ្ឋសរុបដែលចូលរួម ៦៩៥៣នាក់ ទទួលបានសំណើ និងសំណូមពរសរុបចំនួន១៥៧ និងបានដោះស្រាយភាគច្រើន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្ត និងជំរុញក្រុមការងារបន្តការបម្រើប្រជាពលរដ្ឋកាន់តែខ្លាំងក្លាបន្ថែមទៀត។

ជាមួយគ្នានេះប្រធានក្រុមការងារក៏បានជំរុញឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធ និងមន្ទីរជំនាញនៃក្រុមការងារបន្តអនុវត្តកិច្ចការអាទិភាពលើការអភិវឌ្ឍខេត្តឱ្យរីកចម្រើន ជំរុញការពង្រឹងការអនុវត្តគោលនយោបាយជាតិភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងទឹកដីខេត្តក្រចេះ និងការបន្តគិតគូរដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋដោយខិតខំឆ្លើយតបនូវសេវានានាក្នុងនោះរួមមានសេវាតម្រូវការ និងសេវាសំណូមពរ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ, តំណាងក្រុមការងារ និងអភិបាលក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ ត្រូវបានផ្តល់វេទិកាលើកឡើងពីបញ្ហាពាក់ព័ន្ធនានា និងវាយតម្លៃលើកិច្ចការដែលបានអនុវត្តកន្លងមក និងស្វែងរកដំណោះស្រាយបន្ថែមសំដៅធ្វើឱ្យការងារបម្រើប្រជាពលរដ្ឋកាន់តែរលូនល្អ។

សូមបញ្ជាក់ថា ក្រុមការងាររារដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះមានសមាជិកចំនួន ១២៥៨នាក់ រួមទាំងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់៕