(ភ្នំពេញ)៖ ខ្សែភាពយន្តរឿង «នារីវេទមន្ត» ដែលជាប្រភេទរឿង បែបស្រមើលស្រមៃ អភិនិហា ស្នេហា កំសត់ ស្រើបស្រាល និងព្រាត់ប្រាស់ ដែលបានចាយទុន ក្នុងការផលិតអស់២០ម៉ឺនដុល្លារនោះ ត្រូវបានសម្ពោធចាក់បញ្ចាំង ជាផ្លូវការចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តារោងកុនទំនើបៗ ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ថ្លែងក្នុងពិធីសម្ពោធ ចាក់បញ្ចាំងជាផ្លូវការរឿង «នារីវេទមន្ត» នាល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦លោក លោក យឹម សុសត្យា ហៅ លីម៉េង ប្រធានគ្រប់គ្រងកម្មវិធី របស់ផលិតកម្ម Rock បានមានប្រសាសន៍ថា សម្រាប់ខ្សែភាពយន្តរឿង «នារីវេទមន្ត» ដែលត្រៀមចាក់បញ្ចាំង នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ គឺជាស្នាដៃផលិត និងដឹកនាំសម្តែង ដោយលោក Jimmy Henderson ហើយតួអង្គសម្តែងសំខាន់ នៅក្នុងសាច់រឿងនេះរួមមាន កញ្ញា ឌុច លីដា ,លោក ដារ៉ា និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ្ឍ។
លោក យឹម សុសត្យា បានបន្តទៀតថា រឿងនេះជារឿងខ្នាតអន្តរជាតិ ដែលនឹងត្រូវចាក់បញ្ចាំង នៅក្រៅស្រុកផងដែរ។ ម្យ៉ាងទៀតខ្សែភាពយន្តរឿង «នារីវេទមន្ត»នេះ ក៏ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដាក់បំរាម ហាមក្មេងអាយុក្រោម១៥ឆ្នាំ ចូលទស្សនាដែរ។ មិនតែប៉ុណ្ណោះ ក្នុងផ្ទៃសាច់រឿងអ្នកនិពន្ធ ចង់បង្ហាញពីជំនឿអរូបិយ គោរពបូជាអារុកអារក្ស អ្នកតាព្រៃភ្នំ ការប្រើសិស្ប៍សាស្រ្តកាឡាខ្លួន ពីសព្វមកមនុស្ស ដែលមានប្រជាពលរដ្ឋ រស់នៅក្នុងភូមិដាច់ស្រាយាល ក្នុងព្រៃជ្រៅ ដែលមានមេឃុំផ្តាច់ការ បំបិទសិទ្ធសេរីភាព ហាមឃាត់យ៉ាងដាច់ខាត មិនឲ្យអ្នកភូមិណាម្នាក់ចាកចេញ ពីស្រុក ហើយក៏មិនអនុញ្ញាត ឲ្យអ្នកក្រៅចូលមកក្នុងភូមិដាច់ខាតដែរ។
ប្រធានគ្រប់គ្រង កម្មវិធីរបស់ផលិតកម្ម Rock លោក យឹម សុសត្យា បានបញ្ជាក់បន្ថែមថា ក្រោយពីមានការបញ្ចេញTrailer រឿង «នារីវេទមន្ត» ត្រង់ឈុតស្រើបស្រាល របស់កញ្ញា ឌុច លីដា ហើយត្រូវបានបណ្តាញសាព័ត៌មាន មួយចំនួន យកចុះផ្សាយនោះភ្លាមៗនេះដែរ ក៏ត្រូវបានខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្នើសុំយកទៅត្រួត ពិនិត្យជាថ្មី។ ប៉ុន្តែក្រោយពីក្រសួង បានត្រួតពិន្យរួចរាល់ហើយ ឃើញថា គ្មានផលប៉ះពាល់ខ្លាំង ដល់វប្បធម៌ប្រពៃណីខ្មែរ ក៏បានអនុញ្ញាតឲ្យមានការ ចេញផ្សាយតាមបណ្តាស្ថានីយទូរទស្សន៍ តែក្នុងនោះក៏មានទូរទស្សន៍ខ្លះ អត់ហ៊ានចាក់ផ្សាយ Trailer នេះដែរ។ តែលោកនៅតែជឿងជាក់ថា ខ្សែភាពយន្ត«នារីវេទមន្ត» នឹងទទួលបានការគាំទ្រច្រើន។
ដោយឡែក បើតាមការឲ្យដឹង ពីផលិតករ និងជាអ្នកដឹកនាំសម្តែង លោក Jimmy Henderson បានថ្លែងថា រឿង «នារីវេទមន្ត» នេះគឺជាខ្សែភាពយន្តមួយ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ នៃផលិតកម្មរ៉ុក ដើម្បីផលិតភាពយន្តមួយ ប្រកបដោយគុណភាពស្តង់ដា អន្តរជាតិ ដែលអាចលក់ចេញ ទៅទីផ្សារក្រៅស្រុក និងអាចទទួលបានពានរង្វាន់ ក្នុងការប្រកួតមហោស្រពភាពយន្តជាតិ និងអន្តរជាតិ។ លោកជឿជាក់ថា ឧស្សាហកម្មភាពយន្តនៅកម្ពុជា កើតឡើងយ៉ាងឆាប់រហ័ស ដូច្នេះវា គឺជាឱកាសដ៏ល្អមួយ សម្រាប់ការផលិតភាពយន្ត និងជាផ្នែកមួយ នៃការផ្លាស់ប្ដូរ។
សូមបញ្ជាក់ថា កម្មវិធីបើកសម្ពោធនេះ ទទួលបានការសហការគាំទ្រ ពីរោងភាពយន្ត Major Cineplex By Cellcard , ក្រុមហ៊ុន Niron សេវាកម្មកាហ្វេចល័តគ្រប់កម្មវិធី, ក្រុមហ៊ុន Coca Cola និងក្រុមហ៊ុនថតរូប Akasa៕