(ភ្នំពេញ)៖ ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ២០២៤ (Air & Tech Show 2024) លើកទី៤ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ រហូតដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅឯមូលដ្ឋានទ័ពអាកាសពោធិចិនតុង។

ប្រជាជនខ្មែរ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន អាចចូលទស្សនាដោយសេរី ជាមួយការដាក់តាំងបង្ហាញយន្តហោះពិសេសៗជាច្រើនគ្រឿង មានទាំងយន្តហោះក្នុងប្រទេស និងមកពីក្រៅប្រទេសផងដែរ។

ក្រៅពីមានការតាំងបង្ហាញយន្តហោះផ្សេងៗហើយនោះ នៅក្នុងព្រឹត្តិការណ៍នេះក៏បានរៀបចំនូវការប្រកួតស្នាដៃបច្ចេកវិទ្យា ដែលបង្កើតឡើងដោយយុវជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានលើវិញ្ញាសាពិសេសៗចំនួន៤ ដូ ចជា៖ ការប្រកួតមនុស្សយន្ត ការប្រកួតយន្តហោះបញ្ជា ការប្រកួតរ៉ូបូតចម្បាំង និងការប្រកួតប្រណាំងដ្រូន។

បន្ថែមលើពីនេះ រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ ក៏មានការស្តង់ជាច្រើនដែលតាំងបង្ហាញឧបករណ៍បច្ចេកវិទ្យាប្លែកៗ ដែលជាស្នាដៃរបស់កូនខ្មែរ ព្រមជាមួយការធ្វើបទបង្ហាញចែករំលែកចំណេះដឹងផ្សេងៗ ពីសំណាក់សហគ្រិនមកពីបណ្ដាក្រុមហ៊ុនផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ធ្លាប់ធ្វើឡើង៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សិស្សានុសិស្ស យុវជន និងប្រជាជនកម្ពុជា៕