(ភ្នំពេញ)៖ លោកស្រី ហ៊ាន ឡូរីដា នាយករងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» នាថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារ វីង និងធុរកិច្ចថ្មី កត់លុយ នៅទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ដោយមានការចូលរួមពីសំណាក់ ក្រុមការងារនៃស្ថាប័នទាំង២ និងធុរកិច្ចថ្មីជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថាការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីជំរុញដល់ការចាប់ដៃគូយុទ្ធសាស្ត្ររួមគ្នា ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា រវាងធនាគារ វីង ដែលជាអ្នកឧបត្ថម្ភធំនៃកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៤ និង ធុរកិច្ចថ្មី កត់លុយ ដែលជាអតីតបេក្ខជន និង ទទួលបាននូវរង្វាន់ “Honorable Mention” ក្នុងកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៣។

លោកស្រី ហ៊ាន ឡូរីដា បានថ្លែងដែរថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» សូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ធនាគារ វីង សម្រាប់ការចូលរួមចំណែក និងឧបត្ថម្ភដល់កម្មវិធីពន្លឿនអាជីវកម្ម ក៏ដូចជា ជំរុញការអភិវឌ្ឍនៃធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយដែលរំលេចពីការប្តេជ្ញាចិត្ត ក្នុងការដាំដុះប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដែល មានភាពស្វាហាប់ និង រីកចម្រើនលឿនតាមរយៈការបង្កើតឱកាសថ្មីៗ សម្រាប់ធុរកិច្ចថ្មី និងអាជីវកម្មផ្សេងៗក្នុងការលូតលាស់។

លោក Tim Grintal នាយកផ្នែកទីផ្សារនៃ ធនាគារ វីង បានលើកឡើងថា វីង ជឿជាក់ថា ចំណេះដឹងហិរញ្ញវត្ថុមិនគ្រាន់តែជំនាញមួយប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះមួយដែលផ្តល់នូវសិទ្ធអំណាច​ទៅដល់បុគ្គល​គ្រប់ៗរូប ដើម្បីអាចសម្រេចចិត្តដ៏ត្រឹមត្រូវ ចំពោះផែនការហិរញ្ញវត្ថុ នាថ្ងៃអនាគតរបស់ពួកគេ។ នៅក្នុងពិភពលោកដែលមានការវិវឌ្ឍឥតឈប់ឈរទៅលើទិដ្ឋភាពហិរញ្ញវត្ថុ វាពិតជាមានសារៈសំខាន់ណាស់​ដែលយើងទាំងអស់គ្នាត្រូវចូលរួមជួយទៅដល់សហគមដើម្បផ្តល់នូវ ចំណេះដឹងក៏ដូចជាធនធានចាំបាច់នានាដើម្បីជួយទៅដល់ពួកគេក្នុងការចាត់ចែងបញ្ហាហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ទិត្យ កំរង ដែលជាស្ថាបនិកនិងនាយកប្រតិបត្តិនៃធុរកិច្ចថ្មី កត់លុយ ក៏បានលើកឡើងផងដែរថា កត់លុយមានបេសកកម្មចំបងមួយគឺការតភ្ជាប់គម្លាតរវាងបច្ចេកវិទ្យា និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ យើងជឿជាក់ថា តាមរយៈការរួមបញ្ចូលកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត, យើងនឹងអាចផ្តល់នូវថ្នាលរួមដែលផ្តល់ជំរុញឱ្យបុគ្គលនីមួយៗ ធ្វើការសម្រេចចិត្តផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយការយល់ដឹងខ្ពស់។ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ វីង គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវបេសកកម្មនេះ។

កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី៤ គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលរៀបចំឡើងដោយផ្ដោតលើប្រធានបទបច្ចេកវិទ្យាហិរញ្ញវត្ថុជាចំបង ដោយក្នុងនោះស្ថាប័នធំៗ ឬ អ្នកដឹកនាំ នៃឧស្សាហកម្មបានធ្វើការចែករំលែកអំពីបញ្ហាប្រឈមរបស់ខ្លួនដើម្បីឱ្យធុរកិច្ចថ្មីស្វែងរក និង អភិវឌ្ឍនូវសេវាកម្ម ឬ ផលិតផលណាមួយដែលអាចក្លាយជាដំណោះស្រាយសម្រាប់បញ្ហា ប្រឈម ទាំងនោះ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានប្រព្រឹត្តិទៅស្របពេលដែល កម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី៤ បានឈានចូលដល់ដំណាក់កាលថ្មីមួយគឺ វគ្គពន្លឿនអាជីវកម្ម RI ដែលជាវគ្គបណ្តុះបណ្តាល​រយៈពេល ៨សប្តាហ៍ និងមានការចែករំលែកលើប្រធានបទទាក់ទង នឹងបច្ចេកវិទ្យា និងអាជីវកម្ម។ ទន្ទឹមនឹងនេះផងដែរ ធុរកិច្ចថ្មីទាំង ៧ ក្រុមដែលបានសម្រាំងឱ្យឈានចូលដល់ដំណាក់កាលនេះរួមមាន៖ Snaprec by Evora, Krubkrong, MyLekha, JayTech by Intertwine, Quanta, PlantItAll, និង Cassandra ក៏ទទួលបាននូវ ការបណ្ដុះបណ្ដាល និង ការតម្រង់ទិសពីអ្នកជំនាញ, ការបង្កើតបណ្ដាញទំនាក់ទំនងជាមួយ ដៃគូពាក់ព័ន្ធផ្សេងៗ, ការិយាល័យធ្វើការរួមគ្នា និង ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាកល្បងការទូទាត់ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ, ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា, និង ឱកាសទទួលបានឥណទានពពក ដើម្បីប្រើប្រាស់សេវាកម្ម AWS ដែលមានតម្លៃស្មើនឹង ៥ពាន់ដុល្លារទៀតផង។

នៅសប្តាហ៍ចុងក្រោយនៃវគ្គពន្លឿនអាជីវកម្ម RI, ក្រុមធុរកិច្ចថ្មីនឹងត្រូវធ្វើបទបង្ហាញពីអាជីវកម្មរបស់ខ្លួន ទៅកាន់គណៈកម្មការវាយតម្លៃ ដើម្បីចាប់យកឱកាសឈានចូលទៅកាន់ «ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៤ ដើម្បី ដណ្តើមយកជ័យលាភី។

គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្រ្ចាស រដូវកាលទី ៤ ត្រូវបានរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ", ដោយមានការសហការរៀបចំកម្មវិធីដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង សហគ្រិនខ្មែរ រួមទាំង អ្នកឧបត្ថម្ភកម្មវិធីធំ៖ ធនាគារ វីង។