(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកដំបូង​សម្រាប់ការអនុវត្តការងារសាងសង់ គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនសាងសង់ KUMHO-TECHCROSS Joint Venture ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA & SEOYOUNG Joint Venture លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មន្ត្រីជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងសមាជិកគ្រប់គ្រងគម្រោងផងដែរ។

កិច្ចប្រជុំត្រូវបានរៀបចំឡើងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីចាប់ផ្តើមអនុវត្តការងារសាងសង់ទៅតាមផែនការ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ KUMHO-TECHCROSS Joint Venture កាលពីខែសីហា កន្លងទៅ។

គម្រោងនេះទាមទារឱ្យមានការសហការរវាងអគ្គនាយកដ្ឋានជំនាញ អង្គភាពគ្រប់គ្រងគម្រោង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ មានការយកចិត្តទុកដាក់ខ្ពស់ លើការងារបច្ចេកទេសសាងសង់ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្នុងការសហការសម្របសម្រួលដើម្បីធានាឱ្យគម្រោងនេះអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព និងសម្រេចជោគជ័យជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបផងដែរថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ គឺជាគម្រោងជំហានទី១ សម្រាប់ការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ឱ្យមានប្រសិទ្ធភាព សំដៅថែរក្សាបរិស្ថាន និងសុខភាពប្រជាជន។ គម្រោងនេះមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ១២ ០០០ម៣/ថ្ងៃ ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង បណ្តាញប្រព័ន្ធបង្ហូរទឹកកខ្វក់ រួមមានលូមេ លូខ្នែង លូខ្នែងរង ប្រវែងសរុបប្រមាណ ១២៥គ.ម ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ប្រវែងសរុបប្រមាណ ៥.៣គ.ម និងតំណភ្ជាប់លូទឹកកខ្វក់តាមខ្នងផ្ទះសរុប ១០ ០០០តំណ៕