(ន័រវេស)៖ នាយករដ្ឋមន្ត្រីន័រវេស លោកស្រី Erna Solberg ត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់ សកម្មភាពលោកស្រីកំពុងលេងហ្គេម Pokemon Go នៅលើទូរស័ព្ទដៃ នៅអំឡុងពេល នៃកិច្ចប្រជុំដេញដោលនៅក្នុង សភានៅថ្ងៃអង្គារ ដែលនេះមិនមែនជាលើកទីមួយឡើយ ដែលលោកស្រី លេងហ្គេមដ៏មានប្រជាប្រិយភាព នេះនៅក្នុងសភា។ នេះបើយោងតាមការចេញផ្សាយដោយកាសែត The Independent នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។
ប្រភពដដែលឱ្យដឹងទៀតថាលោកស្រី Erna Solberg បានលេងហ្គេម Pokemon Go ខណៈដែល ប្រធានគណបក្ស Norway's Liberal party លោកស្រី Trine Skei Grande កំពុងថ្លែងសារទៅកាន់ អង្គសភា។ លោកស្រី Grande ដែលធ្លាប់លេងហ្គេម Pokemon Go នៅក្នុងកិច្ច ប្រជុំសភា កាលពីខែសីហាកន្លងទៅ បាននិយាយបែបចំអកនៅលើ Twitter របស់ខ្លួនថា «គាត់ស្ដាប់លឺអ្វីដែលខ្ញុំ បាននិយាយ, តើអ្នកដឹងទេថា ស្ត្រីពិតជាអាចធ្វើការងារពីរក្នុងពេលតែមួយបាន»។
គួររំលឹកថា បើតាមកាសែតអង់គ្លេស The Guardian លោកស្រី Erna Solberg គឺជាអ្នកងប់នឹង Pokemon Go ម្នាក់ តួយ៉ាងលោកស្រីបានលេងហ្គេមមួយនេះ នៅពេលធ្វើដំណើរកម្សាន្ត ផ្លូវការមួយនៅឯប្រទេសស្លូវ៉ាក។ ហ្គេម Pokemon Go ត្រូវបានប្រទេស ឬតំបន់ជាច្រើនលើលោក ហាមឃាត់ ដោយសារតែភាពគ្រោះថ្នាក់នៃហ្គេមប្រភេទផ្សងព្រេង និងធ្វើឲ្យមនុស្សគ្រប់គ្រងខ្លួនឯង មិនបាន ហើយដើរចូលទៅកាន់កន្លែងគ្រោះថ្នាក់ជាដើម៕