(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់ពីនៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២៤ នៅ៣ទីតាំងផ្សេងៗគ្នា ក្នុងខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តព្រៃវែង។

នៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ៣ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ០៧គ្រឿង លើសទម្ងន់កម្រិតកំណត់ទាំងអស់ ផ្ទុកទម្ងន់សរុបចន្លោះពី ៤៨តោន ដល់ ៥៤តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ១៩តោន ដល់ ២៤តោន ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ចំនួន ០៥គ្រឿង(លើសពី ២០% នៃច្បាប់អនុញ្ញាត)។

ប្រតិបត្តិការទាំង ៣ទីតាំងខាងលើរួមមានទី១៖ នៅលើផ្លូវជាតិលេខ ៣១៤D ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រួតពិនិត្យយានយន្តចំនួន ០១គ្រឿង មានពាក់ឡូហ្គោ NC ដឹកថ្ម ផ្ទុកទម្ងន់ចំនួន ៥៤តោន លើសទម្ងន់កម្រិតកំណត់ចំនួន ២៤តោន គិតជាភាគរយលើសទម្ងន់ជាង ៨០% នៃច្បាប់អនុញ្ញាត។ ទី២៖ នៅលើផ្លូវជាតិលេខ៦ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រួតពិនិត្យយានយន្តចំនួន ០៤គ្រឿងមានពាក់ឡូហ្គោ CTK ដឹកខ្សាច់ និងដី លើសទម្ងន់ទាំង ០៤គ្រឿង ផ្ទុកទម្ងន់ចន្លោះពី ៤៨.៣តោន ដល់ ៥២តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ២២តោន ដល់ ២៣.៣តោន គិតជាភាគរយលើសទម្ងន់ចន្លោះពី ៧៣%-៩៤% នៃច្បាប់អនុញ្ញាត។ ទី៣៖ នៅលើផ្លូវជាតិលេខ ៣១៣ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រួតពិនិត្យយានយន្តចំនួន ០២គ្រឿង ដឹកខ្សាច់ និងថ្ម លើសទម្ងន់ទាំង ០២គ្រឿង ផ្ទុកទម្ងន់ចន្លោះពី ៤៩តោន ដល់ ៥៣តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ១៩តោន ដល់ ២៣តោន គិតជាភាគរយលើសទម្ងន់ចន្លោះពី ៦៣%-៧៧% នៃច្បាប់អនុញ្ញាត ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់​ការប្រើប្រាស់ ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ និងសូមបញ្ជាក់ថារាល់ការអន្តរាគមន៍ទាំងអស់ គឺពុំមានប្រសិទ្ធភាព និងត្រូវបានបញ្ចប់។

ការចូលរួមគោរពច្បាប់ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍​ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ ក្រសួង នឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នៅទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕