(ភ្នំពេញ)៖ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ អញ្ជើញនាំយកអំណោយដ៏សប្បុរសធម៌របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកទៅចែកផ្ទាល់ដៃជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេ ជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងសំរាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២ ត្រូវបានលោក សេង ទៀង នាំយកទៅប្រគល់ជូន ដល់ដៃគ្រួសារកូនភ្លោះបី គ្រួសារទី៤២១។

ទារិកាភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី៣ ដែលមានឪពុកឈ្មោះ សុខ ផារិន អាយុ៣៤ឆ្នាំ ម្តាយឈ្មោះ ហេង ហ្គេចហ៊ីម អាយុ២៤ឆ្នាំ អ្នកទាំងពីរមុខរបរជាបុគ្គលិកពេទ្យ មានលំនៅដ្ឋានរស់នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ទារិកាភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ មានប្រុសស្រីទាំងបី។

នៅចំពោះមុខគ្រួសារកូនភ្លោះបី លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោកបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៤២០គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោកបន្ដថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។

លោក សេង ទៀង បានធ្វើការណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់ទារកឲ្យបានគត់មុន ពោលប្រសិនបើទារកមានអាការៈអ្វីខុសពីប្រក្រតី សូមរាយការណ៍ទៅកាន់លោកគ្រូពេទ្យប្រចាំការ ដើម្បីអន្តរាគមន៍ជួយសង្រ្គោះ ដោយមិនត្រូវទុកទារកជួបប្រទះនូវគ្រោះថ្នាក់ដោយប្រការណាមួយកើតឡើង។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជូនប្រជាពលរដ្ឋទូទៅ ពិសេសជនទីទល់ក្រ។

តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោលគឺពេលនេះសម្តេចបានចាត់ឲ្យតំណាងរបស់សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្របានទារិកាភ្លោះបីនាក់ ដើម្បីជួយសំរាលដល់ការលំបាក់ក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំងបីនាក់នេះ ឲ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀត ក្នុងសង្គម៕