(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៤ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធ ចុះជួបសំណេះសំណាល និងនាំយកស្រូវពូជ ជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ២៥៧.២០០គីឡូក្រាម ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវ ចែកជូនប្រជាកសិករប្រមាណ២៥៧២គ្រួសារ នៅឃុំចំនួន១០ រួមមាន៖ ឃុំឈូក ទួលស្នូល ទ្រា ព្រែកអាជី ក្រូចឆ្មារ ជំនីក រកាខ្នុរ ស្វាយឃ្លាំង ប៉ើស១ និងឃុំប៉ើស២ ក្នុងស្រុកក្រូចឆ្មារ ដែលបានធ្វើការចែកនៅ០៣ទីតាំងផ្សេងគ្នាផងដែរ។

នាឱកាសនោះ លោក ប៉ែន កុសល្យ លើកឡើងថា ស្រូវពូជទាំងអស់នេះ ត្រូវបានដឹកជញ្ជូនមកដល់ភ្លាម រដ្ឋបាលខេត្តបាននាំយកចែកជូនបងប្អូនភ្លែតតែម្តង ដើម្បីឲ្យបានទាន់រដូវកាលដាំដុះស្តារឡើងវិញភ្លាមៗ។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា កន្លងមកការជួបជុំគ្នាតែងជាព្រឹត្តិការណ៍សប្បាយរីករាយ តែការជួបគ្នាពេលនេះ ជារឿងមួយផ្សេង ដោយសារបងប្អូនជួបការលំបាកខូចខាតដំណាំស្រូវ ហើយខ្វះពូជស្រូវដាំស្តារឡើងវិញ។ ជាមួយគ្នានោះ ជំនន់ទឹកទន្លេមេគង្គនិងជំនន់ទឹកភ្លៀងកាលពីខែកញ្ញាកន្លងទៅនេះ បានបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារចំនួន២០៦៣ហិកតា និងដំណាំផ្សេងៗទៀត។

ម្យ៉ាងវិញទៀត គ្រាប់ស្រូវពូជចំនួន២៥៧.២០០គីឡូក្រាមនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់បងប្អូនប្រជាកសិករចំនួន២៥៧២គ្រួសារ នៅឃុំចំនួន១០ ក្នុងស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ ដែលបានរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដើម្បីដាំស្តារឡើងវិញឱ្យបានទាន់ពេលវេលា។

លោក ប៉ែន កុសល្យ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងក្រសួងកសិកម្មដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាកសិករ និងបានដាក់ចុះនូវវិធានការអន្តរាគមន៍ នានាដើម្បីជួយប្រជាកសិករដែលរងគ្រោះដោយគ្រោះធម្មជាតិ។

អភិបាលខេត្ត បានបង្ហាញការសោកស្តាយចំពោះគ្រោះធម្មជាតិនេះ និងបានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករក្នុងខេត្ត បន្តខិតខំប្រឹងប្រែងដាំស្តារឡើងវិញនូវដំណាំស្រូវរបស់ខ្លួន ឱ្យបានទាន់ពេលវេលាជាមួយគ្រាប់ពូជស្រូវ ដែលរាជរដ្ឋាភិបាលផ្តល់ជូន។

ទន្ទឹមនឹងនេះលោក ប៉ែន កុសល្យ បានផ្តាំផ្ញើបងប្អូនប្រជាកសិករសូមអនុវត្តតាមបច្ចេកទេសកសិកម្ម ដែលមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្សព្វផ្សាយ និងណែនាំជូនពីការប្រើប្រាស់គ្រាប់ពូជស្រូវដាំដុះ ឱ្យបានទិន្នផលខ្ពស់៕