(ភ្នំពេញ)៖ បណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនមកពីចក្រភពអង់គ្លេស និងមកពីសិង្ហបុរី (Capital Continuum Advisers LTD និងក្រុមហ៊ុន Climate Asset Facility Pte. Ltd) ដើម្បីឈានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងកិច្ចការផលិត និងលក់កាបូន នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅកាន់ភាគីទីបី។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន មកពីចក្រភពអង់គ្លេស និងមកពីសិង្ហបុរី (Capital Continuum Advisers LTD និងក្រុមហ៊ុន Climate Asset Facility Pte. Ltd) ដែលប្រព្រឹត្តទៅនាព្រឹកនេះ បណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចការអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ និងធម្មជាតិ ក៏ដូចជាសក្ដានុពលសំខាន់ៗ មាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលគប្បីត្រូវបានសិក្សាស្រាវជ្រាវបន្ថែម បន្តការងារអភិរក្ស និងអភិវឌ្ឍបន្ថែមទៀត ដើម្បីបន្សល់នូវមរតកវប្បធម៌និងធម្មជាតិដ៏កម្រ ជំរុញការថែរក្សាប្រព័ន្ធអេកូឡូស៊ី ដែលមានទាំងសត្វព្រៃនិងព្រៃឈើ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពប្រជាជននៅក្នុងតំបន់ផងដែរ។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើត និងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១.៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍បានយ៉ាងប្រសើរ៕