(ភ្នំពេញ)៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរជាផ្លូវការ «វេទិការជាតិគណនេយ្យ»។
ក្នុងឱកាសនោះ លោក ងី តាយី បានលើកឡើងថា វេទិកាជាតិគណនេយ្យ ជាកម្មវិធីមួយ ដែលនឹងផ្ដល់នូវព័ត៌មានវឌ្ឍនភាពថ្មី នៃវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា និងដើម្បីកែលម្អរៀបចំធ្វើយ៉ាងណា សម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
លោក ងី តាយី បានថ្លែងថា «វេទិកានាថ្ងៃនេះ មានគោលបំណងសំខាន់ គឺដើម្បីផ្តល់នូវព័ត៌មានដល់សិក្ខាកាម អំពីវឌ្ឍនភាពថ្មីៗ នៃវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា និងប្រមូលធាតុចូលពី អ្នកចូលរួមទាំងអស់ សម្រាប់ជាមូលដ្ឋានបន្ថែម ក្នុងការរៀបចំ និងការកែលម្អក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ និងក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យ គណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេស ក្នុងការពង្រឹងតួនាទីនិយ័តករ និងគណនេយ្យករជំនាញ ក្នុងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សូមវាយតម្លៃខ្ពស់ជាមុន និងត្រៀមទទួលយករាល់មតិយោបល់ និងគំនិតស្ថាបនាទាំងឡាយ ពីអ្នកចូលរួមដែលមានវត្តមាននៅទីនេះ»។
លោកបានបន្ដថា ដើម្បីទាញយកប្រយោជន៍អតិបរមា ពីបច្ចេកវិទ្យាឌីជីថល, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្តនូវ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នៅឆ្នាំ២០២១។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក៏បានប្រកាសដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល ត្រូវបានកំណត់ជាអាទិភាពគន្លឹះថ្មីមួយទៀត, បន្ថែមពីលើអាទិភាពគន្លឹះទាំង ៤ នៃយុទ្ធសាស្ត្រចតុកោណ ពោលគឺ ៖ មនុស្ស, ផ្លូវ, ទឹក និង ភ្លើង អាទិភាពគន្លឹះថ្មីនេះ ត្រូវបានយកមករៀបចំជា វិធានការយុទ្ធសាស្ត្រសម្រាប់ ការអនុវត្តជាក់ស្ដែងនៅក្នុង បញ្ចកោណទី៥ នៃយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ គឺ បញ្ចកោណ ស្ដីពី ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣–២០២៨ ក្នុងឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាន នៃការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាព វិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក។
ស្របគ្នានេះយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ ដែលនឹងដាក់ឱ្យអនុវត្ត ក្នុងពេលដ៏ខ្លីខាងមុខ គឺជាមគ្គុទេសន៍ និងជាផែនទីបង្ហាញផ្លូវ ក្នុងការអនុវត្តបេសកកម្ម របស់និយ័តករគណនេយ្យ និងសវនកម្ម ក្នុងបុព្វហេតុធានាឱ្យ ប្រព័ន្ធគណនេយ្យ និងសវនកម្មជាតិមួយដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន។
លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណណេយ្យ និងសវនកម្ម បានថ្លែងថា ដោយបានទទួលស្គាល់ពីសារៈសំខាន់ នៃបច្ចេកវិទ្យាឌីជីថល, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ, បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។
លោកបានបន្ដថា ការងារធ្វើទំនើកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយនិយ័តករគណនេយ្យ និងសវនកម្ម បាននិងកំពុងក្លាយជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពផ្សេងទៀត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ និយ័តករគណនេយ្យនិ ងសវនកម្ម បានរៀបចំនិងដាក់ឱ្យអនុវត្តសេវាសាធារណៈរបស់ខ្លួន តាមប្រព័ន្ធឌីជីថល រួមមាន៖
១៖ ប្រព័ន្ធគ្រប់គ្រងការដាក់របាយការណ៍ហិរញ្ញវត្ថុ តាមអនឡាញ សម្រាប់សហគ្រាស។
២៖ប្រព័ន្ធគ្រប់គ្រងការដាក់របាយការណ៍ហិរញ្ញវត្ថុ តាមអនឡាញ សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ។
៣៖ ប្រព័ន្ធគ្រប់គ្រងការស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ គណនេយ្យ និងសវនកម្មតាមអនឡាញ។
៤៖ ប្រព័ន្ធគ្រប់គ្រងឯកសារចេញ-ចូល ព្រមទាំងត្រៀមដាក់ឱ្យអនុវត្តនូវប្រព័ន្ធសទ្ទានុក្រមគណនេយ្យ និងសវនកម្ម តាមទូរស័ព្ទវៃឆ្លាត និងថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យម និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ៕