(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចប៉ែកឦសាន គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។
បើតាមអ្នកមីង មុំ ផាន់ណារី បានថ្លែងថា ជាអតីតយុទ្ធជន ពេលមកដល់ព្រំដែន ទលបដឹងច្បាស់កាលពីមុនគ្រាន់តែស្តាប់លឺព័ត៌មានមួយចំនួនពីបញ្ហាព្រំដែន ហើយព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ។ ដូច្នេះ នៅពេលដែលពួកគាត់ជាប្រជាពលរដ្ឋ បានមកឃើញបបង្គោលព្រំដែន សបញ្ជាក់យ៉ាងច្បាស់ថាទឹកដីរបស់កម្ពុជា មិនបានបាត់បង់ទៅណានោះទេ។
អ្នកមីង មុំ ផាន់ណារី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនីតិកាលទី៧ ដែលបានប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ជាពិសេសកិច្ចខិតខំប្រឹងថែរក្សាបូរណភាពទឹក អធិបតេយ្យជាតិ ព្រមទាំងការងារចរចាបោះបង្គោលព្រំដែន ជាមួយប្រទេសជាតិខាង ដើម្បីកំណត់ឱ្យច្បាស់ពីដែនសីមារបស់កម្ពុជា។
អ្នកមីង មុំ ផាន់ណារី ក៏អំពាវនាវដល់ជនរួមទាំងជាតិទាំងអស់ «សូមមេត្តាជឿជាក់លើសម្តេចមហាបវរធិបតី ថា លោកជាប្រមុខដឹកនាំជាតិដ៏ពិតប្រាកដ ហើយជួយឱ្យប្រទេសជាតិយើងរុងរឿង ទៅថ្ងៃមុខទៀត ហើយសូមឱ្យជនរួមជាតិទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុក សូមជឿជាក់ ហើយបើមិនជឿជាក់ សូមអញ្ជើញមកមើលព្រំដែនដោយផ្ទាល់ ដើម្បីបានដឹងថា តើព្រំដែនរបស់យើងមានពិតប្រាកដ ឬអត់? បង្គោលព្រំដែនយើងនៅត្រឹមណា ក្នុងផែនទីមានត្រឹមណា ព្រំដែនមានពិតប្រាកដ អត់មានការរំកិល ទៅតាមការនិយាយស្តីតៗគ្នានោះទេ»។
អ្នកមីង មុំ ផាន់ណារី ក៏បានក្រើនរំលឹកដល់យុវជនខ្មែរទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យមានភាពរឹងមាំ មានការសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីក្លាយជារបងសម្រាប់ការពារជាតិ និងសូមកុំឱ្យប្រជាពលរដ្ឋ និងយុវជនមានការបែកបាក់គ្នាឱ្យសោះ ហើយរួមគ្នាជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ចំពោះកិច្ចការពារជាតិមាតុភូមិកម្ពុជា កុំឱ្យបរទេសណាមួយជ្រែតជ្រែតកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សម្រាប់លោកពូ លី គឹមប៊ុន និងអ្នកមីង សៀង ស៉ីថា មកពីរាជធានីភ្នំពេញ បានឱ្យដឹងថា ពួកគាត់បានមកទស្សនាព្រំដែនចំនួន២លើកមកហើយ ដោយបានមើលឃើញជាក់ស្តែងពីស្ថានភាពព្រំដែនរវាងកម្ពុជា និងប្រទេសជាតិខាង, សម្រាប់ដំណើរទស្សនកិច្ចលើកទី១ សម្រាប់ពួកគាត់បានធ្វើដំណើរទាំងទៅ និងមកជិត២ពាន់គីឡូម៉ែត្រ ដោយចេញដំណើរពីព្រឹកព្រលឹមពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់បង្គោលព្រំដែនអន្តរជាតិអូរយ៉ាដាវ រវាងខេត្តរតនគិរី ជាមួយនឹងប្រទេសវៀតណាម ព្រមទាំងបន្តមកបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។
លោកពូ លី គឹមប៊ុន និងអ្នកមីង សៀង ស៉ីថា បានលើកឡើងថា៖ «ខ្ញុំជិះកាត់បន្ទាត់ព្រំដែន លែងស្រពិចស្រពិល ដូចកាលពីមុន ដូចពួកអគតិខាងក្រៅផ្សព្វផ្សាយ ចេះតែនិយាយធ្វើឱ្យគាត់បារម្ភ មិនអស់ចិត្តចំពោះរឿងព្រំដែន ដល់ពេលអីឡូវបានសម្តេចមហាបវេធិបតី លោកចេញជាសោហ៊ុយ ការហូបចុក ឱ្យប្រជាពលរដ្ឋបានមកទស្សនាដោយផ្ទាល់នៅព្រំដែន ដើម្បីបញ្ជាក់ស្ថានភាពពិតនៅព្រំដែន ដែលធ្វើឱ្យគាត់អស់ចិត្តហើយ»។
លោកពូ លី គឹមប៊ុន និងអ្នកមីង សៀង ស៉ីថា បានកោតសសើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានប្រាជ្ញាស្មារតីវៀងវៃល្អប្រសើរ ដែលបានគិតគូររៀបចំដំណើរទស្សនកិច្ចឱ្យប្រជាពលរដ្ឋបានឃើញបង្គោលព្រំដែន ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់មន្ទិលសង្ស័យចំពោះរាជរដ្ឋាភិបាល លើកិច្ចការពារបូរណភាពជាតិ។
សម្រាប់យុវជន យ៉ោក គង់ បានបបង្ហាញការយល់ឃើញថា ពីមុនចេះតែលឺគេនិយាយពីមាត់មួយទៅមាត់មួយរឿងព្រំដែន ប៉ុន្តែ ពេលមកឃើញផ្ទាល់ភ្នែក ទើបដឹងថាព្រំដែនរបស់កម្ពុជា មិនបាត់ទៅណាទេ។ ដូច្នេះ ប្រសិនបើបបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានបំណងមកមើលបង្គោលព្រំដែន សូមអញ្ជើញចុះឈ្មោះដើម្បីមានឱកាសមកមើលដោយផ្ទាល់នឹងភ្នែកខ្លួនឯងដោយមិនគិតថ្លៃ ចៀសជាងចាញ់បោកការឃោសនារបស់ជនអគតិ។
យុវជន យ៉ោក គង់ ក៏បានថ្លែងសារអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានរៀបចំដំណើរទស្សនកិច្ចកម្សាន្តជូនដល់ប្រជាពលរដ្ឋ ឱ្យបានស្គាល់ និងស្វែងយល់ពីស្ថានភាពព្រំដែនរវាងកម្ពុជា និងជាមួយនឹងប្រទេសជិតខាងឡើង ដើម្បីជម្រះមន្ទិលសង្ស័យ ដែលក្រុមប្រឆាំងបង្កឡើង ជាពិសេសដើម្បីផ្តល់ភាពស្អាតស្អំ យុត្តិធម៌មកលើរាជរដ្ឋាភិបាលចំពោះកិច្ចការពារដែនបូរណភាពទឹកដី និងអធិបតេយ្យជាតិខ្មែរ។
ចំពោះអ្នកគ្រូ អូន សុកាន់ បង្រៀននៅបឋមសិក្សាសាលាបាក់ទូក បានបង្ហាញការសប្បាយរីករាយ និងរំភើបជាខ្លាំងនៅពេលដែលបានមកឃើញដោយផ្ទាល់ភ្នែកនូវបង្គោលព្រំដែនជាលើកដំបូង។ ប្រសិនបើយើងលឺគេនិយាយ មិនដូចអ្វីដែលយើងបានឃើញផ្ទាល់ភ្នែកនោះទេ ព្រំដែនពិតជាល្អខ្លាំងណាស់ គឺមានការបោះបង្គោលព្រំដែនច្បាស់លាស់ គ្មានការរំកិលចូលទឹកដីកម្ពុជាសូម្បី ១មីលីម៉ែត្រ។
អ្នកគ្រូ អូន សុកាន់ បានបញ្ជាក់ថា៖ «ខ្ញុំនឹងយករូបភាពពិនៅបន្ទាត់ព្រំដែន ទៅផ្សព្វផ្សាយបន្តដល់កូនសិស្សនៅក្នុងថ្នាក់រៀន ដើម្បីបញ្ជាក់ឱ្យបានដឹងច្បាស់ពីរឿងព្រំដែន គឺមិនដូចអ្វីដែលគេបានផ្សព្វផ្សាយនោះទេ។ ខ្ញុំសប្បាយចិត្ត ត្រេកអរយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលមានទស្សនវិស័យល្អ រៀបចំដំណើរទស្សនកិច្ចដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានមកឃើញផ្ទាល់បង្គោលព្រំដែន»។
គួរដឹងថា ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ទិសប៉ែកឦសាន សម្រាប់ជើងទី៥ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ថ្មីៗនេះ មានប្រជាពលរដ្ឋជាង៤០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅលើតម្រាយផ្លូវបន្ទាត់ព្រំដែន ខេត្តត្បូងឃ្មុំ, ខេត្តក្រចេះ និងមណ្ឌលគិរី ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា
ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារ ដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។
ដំណើរទស្សនកិច្ចនេះ គឺបានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជន ក្នុងមូលដ្ឋានស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធការងារព្រំដែន ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិប តេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានស្វែងយល់ផងដែរ អំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។
ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តទាំង៣នេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យ មើលដោយផ្ទាល់នូវបង្គោលព្រំដែនក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវ ទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។
ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។
ដំណើរទស្សនកិច្ចប្រជាពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។
គួរជម្រាបថា ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសរៀចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមកកាន់តំបន់ទិសឦសាន គឺមានប្រជាពលរដ្ឋ មកពីគ្រប់ស្រទាប់វណ្ណៈ បានចុះឈ្មោះ ដើម្បីបានមកពិនិត្យដោយផ្ទាល់ពីស្ថានភាពនៅតាមបន្ទាត់ព្រំដែន។ តាមរយៈចុះមកឃើញផ្ទាល់ភ្នែក ប្រជាពលរដ្ឋបានអះអាងថា ការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន គ្មានប្រសិទ្ធភាពឡើយ, ពួកគាត់បានឃើញនឹងភ្នែកច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជាបានការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយអ្វីដែលក្រុមជ្រុលនិយមនិយាយពីបញ្ហាព្រំដែន និងការបំភ្លៃលើការបាត់បង់ទឹកដី គឺគ្រាន់តែជាការភូតកុហកដែលគេមិនដែលជឿម្តងណាឡើយ។
សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕