(ទីក្រុងអូក្លិន)៖ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤, បណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ (ទីក្រុងអូក្លិន- ហាមីលតុន- ហុកស្បេ ) នៃប្រទេសនូវ៉ែលហ្សេឡង់ បានអញ្ជើញផ្តល់បទឧទ្ទេសនាម និងចែករំលែកចំណេះដឹង ស្តីអំពី «បុព្វហេតុ សមិទ្ធផល និងបណ្តាមេរៀនជាប្រវត្តិសាស្ត្រ និងគោលការណ៍ជាសារវន្ដមួយចំនួន ដើម្បីកសាងបក្សប្រជាជនកម្ពុជា» ជូនដល់សមាជិក ជាក្បាលម៉ាស៊ីន គណៈកម្មាធិការសាខាគណបក្ស និងថ្នាក់ដឹកនាំយុវជនគណបក្ស ប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់។
យកឱកាសនោះ, លោកបណ្ឌិត បានលើកយកនូវព្រឹត្តិការប្រវត្តិសាស្ត្រ តាមដំណាក់កាល និងតាមសម័យកាលនីមួយៗ មកធ្វើការពន្យល់ និងគូសរំលេច អោយឃើញពីវីរភាព, ការខិតខំតស៊ូ, ភាពអត់ធ្មត់, ការលះបង់សាច់ស្រស់ឈាមស្រស់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីប្តូរយក សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលសុខក្សេមក្សាន្ត ជូនដល់ប្រជាជនកម្ពុជាទាំងទូទាំងប្រទេស។
លោកបណ្ឌិត បានគូសរំលេចបន្ថែមទៀតថា កម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាម, ការកាប់សម្លាប់, ការព្រាត់និរាស, បែកបាក់សាមគ្គីគ្នា, និងភាពក្រីក្រ ក៏ព្រោះតែសង្គ្រាមជាច្រើនសតវត្ស។ ក៏ប៉ុន្តែតាមរយៈចលនាតស៊ូរំដោះជាតិ ៧ មករា ១៩៧៩ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្តូរ និងយកមកវិញ នូវអ្វីដែលកម្ពុជា បានបាត់បង់ដោយសារសង្គ្រាម ជូនដល់ប្រជាជនទូទាំងប្រទេស។ ជាក់ស្តែងកម្ពុជា បច្ចុប្បន្នបានរីកចំរើន និងកំពុងបន្តរីកចំរើន ទាំងផ្នែកសេដ្ឋកិច្ច, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងស្ថិរភាពនយោបាយ។
បន្ថែមពីលើនេះ, លោកបណ្ឌិត ក៏បានលើកយកនូវគោលការណ៍សំខាន់ៗ ជាសារវន្ត មួយចំនួនទៀត ស្តីពីការបង្កើត និងការកសាងបក្សប្រជាជន អោយមានភាពរឹងមាំដល់សព្វថ្ងៃ ជូនដល់បងប្អូន អោយបានជ្រាប និងធ្វើការស្វែងយល់បន្ថែម៕