(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
ឧត្តមសេនីយ៍ទោ ម៉ី សំភា នាយសេនាធិការរងកងទ័ពជើងគោក ប្រធានក្រុមការងារលេខាធិការដ្ឋាន បានរាយការណ៍ឲ្យដឹងថា អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ឆ្នាំ២០២៤នេះ យោធិនចំនួន ចំនួន១១៧នាក់ (នារី១៧នាក់) មកពី១៩ស្ថាប័ន ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស ដែលការដាក់យោធិនអាជីពទាំងពីរភេទឲ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២នាពេលនេះ គឺជាការអនុវត្តន៍តាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិនទាំងពីរភេទ ដែលជាផ្នែកមួយនៃការអនុវត្តផែនការកំណែទម្រង់ កងយោធពលខេមរភូមិន្ទផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការដឹងគុណប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះយោធិនចូលសោធន និវត្តន៍គ្រប់រូប ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងស្មារតីស្នេហាជាតិ រួមចំណែកការពារបូរណភាពទឹកដី និងការកសាងការពារសន្តិភាព ស្ថិរភាពសង្គម។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ ស្រឡាញ់រាប់អានជានិច្ច និងតែងតែបានរៀបចំឱ្យមានពិធីជួបជុំនៅតាមបណ្តាអង្គភាព ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអង្គភាពជាមួយនឹងនិវត្តជន ក្នុងគោលបំណងរក្សាចំណងមនោសញ្ចេតនាយូរអង្វែង និងជួយគ្នាទៅវិញទៅមក។
អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានណែនាំឲ្យគ្រប់អង្គភាពបង្កើនការយកចិត្តទុកដាក់ សហការរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូននិវត្តជននៅតាមមូលដ្ឋាន និងនៅតាមមន្ទីរពេទ្យ ដើម្បីលើកកម្ពស់គុណតម្លៃ ផ្សារភ្ជាប់មនោសញ្ចេតនាជាមួយនិវត្តជន ដោយក្តាប់ជាប់ពីស្ថានភាពសុខភាព ជីវភាពរស់នៅ និងសំណូមពរចាំបាច់នានារបស់និវត្តជន ដើម្បីមានវិធានការដោះស្រាយ។
ជាមួយនេះ លោកបានលើកទឹកចិត្តដល់និវត្តជនទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក រួមគ្នាការពារសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ ហើយយកចិត្តទុកដាក់ការងារបង្កបង្កើនផល ថែទាំសុខភាព បន្តថែរក្សាស្នាដៃអ្នកជំនាន់មុន លើមូលដ្ឋានការខិតខំប្រឹងប្រែងរបស់អ្នកជំនាន់ក្រោយឱ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានពាំនាំថវិកាដែលជាអំណោយរបស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ចំនួន២០០,០០០៛ និងថវិកាបញ្ជាការដ្ឋានកងទ័ពជើងគោក ចំនួន៣០០,០០០៛ ជូនដល់និវត្តជនទាំង១១៧រូបផងដែរ៕