(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤» នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៧ ខែតុលានេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ មានការចូលរួមពី សំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ហើយមានស្តង់សរុបជាង១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺនកន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់។
លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា គោលបំណងសំខាន់ៗនៃការការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។
លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ស.ស.យ.ក រាជធានីភ្នំពេញ បានធ្វើជាដៃគូជាមួយនឹង NEA ចាប់តាំងពីពិព័រណ៌ការងារចាប់ផ្តើមជាលើកដំបូងមក ហើយតែងតែជួយផ្សព្វផ្សាយដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើនតាមរយៈបណ្តាញ ស.ស.យ.ក. នៅទូទាំងប្រទេសផងដែរ។
លោកចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ហើយលោកក៏បានអំពាវនាដល់យុវជនទាំងអស់ ឱ្យរៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយៈពេល ២ថ្ងៃ នេះផងដែរ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគម TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិនេះ គឺមិនអាចមិនគិតពីប្រធានបទផលិតភាពការងារបានទេ ព្រោះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលជ្រើសរើសបុគ្គលិកមកធ្វើការ គឺតែងតែយកចិត្តទុកដាក់លើផលិតភាពការងាររបស់បុគ្គលិកខ្លួន។
លោកបានបន្តថា ពិព័រណ៍ការងារ នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាពដែលនឹងផ្តោតលើប្រធានបទ «ការបង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាព» ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជុំវិញប្រធានបទផលិតភាពពីសំណាក់វាគ្មិនជំនាញជាច្រើនរូបផងដែរ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕