(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា តាមលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៩,៩៩២,៤២១នាក់ (ស្ត្រី ៥,៣០៤,៨៥៥នាក់) ស្មើនឹង ៨៩,០៧% ធៀបនឹងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង ចំនួន ១១,២១៨,០៦៩នាក់ ហើយការិយាល័យបោះឆ្នោតចំនួន ២៤,១៩០ការិយាល័យ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើចំនួនអ្នកបោះឆ្នោតនៃបញ្ជីបោះឆ្នោតដំបូង និងបញ្ជីអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ និងឯកសារមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានសម្រេច ដូចខាងក្រោម៖
ទី១៖ ឯកភាពលើចំនួនអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សម្រាប់ឃុំ សង្កាត់ធ្វើការបិទផ្សាយជាសាធារណៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ទី២៖ ឯកភាពលើសេចក្តីព្រាងសេចក្តីជូនដំណឹង និងទម្រង់បែបបទសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃ
ខេត្តព្រះសីហនុ ឆ្នាំ២០២៥រួមមាន៖
*សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
*សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
*ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យ ចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត (ទម្រង់ ១០០៧)
*ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ (ទម្រង់ ១០០៨)
*គំរូបង្កាន់ដៃទទួលពាក្យ និងសំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
*ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
*គំរូបណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេត-ការណ៍អន្តរជាតិ និងភ្ញៀវពិសេស។
យោងប្រតិទិននៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥៕