(ម៉ានីល)៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានប្រជាជនហ្វីលីពីនជិត៩០ភាគរយ ធ្វើការវាយតម្លៃ និងសរសើរលោកថា «ល្អណាស់» នៅក្នុងការស្ទាបស្ទង់មតិមួយ ទៅលើការដឹកនាំ ប្រទេស នៅក្នុងរយៈពេលបីខែ ចាប់តាំងតែពីលោក Duterte បានស្បថចូលកាន់តំណែងជា ប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។
ការវាយតម្លៃនេះ ភាគច្រើនផ្តោតទៅលើយុទ្ធនាការ បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន និងការធ្វើការរិះគន់ ទៅមេដឹកនាំបណ្តាប្រទេសលោកខាងលិចរបស់ លោកប្រធានាធិបតី ដោយចំនួនប្រជាជនហ្វីលីពីន ត្រឹមតែ ១១ភាគរយប៉ុណ្ណោះនៅក្នុងការស្ទង់មតិ ដែលមានការមិនពេញចិត្តចំពោះការដឹកនាំប្រទេស របស់លោក ហើយប្រការនេះ វាបានស្តែងឲ្យឃើញថាលោក Duterte ត្រូវបានប្រជាជនហ្វីលីន គោរពស្រលាញ់ចូលចិត្តជាង ប្រធានាធិបតីមុនៗដូចជាលោក Benigno Aquino, លោក Joseph Estrada, និងលោកស្រី Gloria Macapagal Arroyo ជាដើម។
អ្នកវិភាគនយោបាយលោក Nelson Navarro បានយល់ឃើញថា លទ្ធផលនៃការស្ទាបស្ទង់មតិខាងលើ បានបង្ហាញឲ្យឃើញថា ប្រជាជនហ្វីលីពីន មានអាម្មណ៍ថាពួកគេកំពុងរស់នៅដោយមានសុវត្ថិភាព ជាងមុន ដោយសារតែលោក Duterte បានគោរពតាមការសន្យារបស់លោក ក្នុងការបង្រ្កាប ឧក្រិដ្ឋកម្ម គ្រឿងញៀន ដែលមនុស្សច្រើនជាង ៣,៤០០នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងយុទ្ធនាការនេះ។
គួរបញ្ជាក់ដែរថា ការស្ទាបស្ទង់មតិខាងលើ មិនបានស្នើឲ្យអ្នកដែលចូលរួមទាំងអស់ បកស្រាយនូវ ហេតុផលនៃការវាយតម្លៃរបស់ពួកគេរៀងៗខ្លួននោះឡើយ ហើយវាត្រូវបានធ្វើឡើងទៅដោយការ សម្ភាសន៍ទល់មុខគ្នា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៧ខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីលោក ប្រធានាធិបតី Rodrigo Duterte មានបញ្ហាជាមួយប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលបានធ្វើការរិះគន់មកលើយុទ្ធនាការ ប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន របស់លោក ប៉ុន្តែថ្មីនេះ លោក Duterte បានអះអាងថា នឹងស្វែងរកសម្ព័ន្ធមិត្តថ្មីគឺ ចិន និង រុស្ស៊ី៕