(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ទាំង១០ និងភូមិ នៅក្នុងខណ្ឌទួលគោក ដើម្បីបានស្វែងយល់ផ្ទាល់ ចំពោះវឌ្ឍនៈភាពរបស់ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ និងភូមិ ដែលខ្លួនទទួលខុសត្រូវ មានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីរួមគ្នាដោះស្រាយ។
លោក ឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានរាយការណ៍ឲ្យដឹងថា ក្នុងខណ្ឌទួលគោកមានប្រជាពលរដ្ឋ ចំនួន២ម៉ឺន៥ពាន់៩៦២នាក់ មនុស្ស១៣ម៉ឺន៩ពាន់៨៤៦នាក់ ក្នុងនោះប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណគំរូថ្មី ចំនួន៩ម៉ឺន៤ពាន់៥៦២សន្លឹក។
ចំពោះសេវាបំរើប្រជាពលរដ្ឋ តាមរយៈការិយាល័យច្រក ចេញចូលតែមួយ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ ដែលបានមកទទួលសេវាសរុបចំនួន២ម៉ឺន១ពាន់៩នាក់ សរុបទឹកប្រាក់បានចំនួនជាង៣១៩ពាន់លានរៀល។
ចំពោះការងារអភិវឌ្ឍន៍មូលដ្ឋាន តបតាមសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរួមមាន បញ្ហាទឹកលិច បញ្ហាផ្លូវថ្នល់ រដ្ឋបាលខណ្ឌ បានសិក្សា និងរៀបចំចេញគម្រោងផែនការអភិវឌ្ឍន៍របស់ខ្លួនដើម្បីឆ្លើយតបទៅនឹងសេវាសំណូមពរ និងសេវាតម្រូវការ ដោយក្នុងនោះ នៅក្នុងឆ្នាំ២០១៥កន្លងមក និងក្នុងឆ្នាំ២០១៦នេះ មានទាំងគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ និងគម្រោងដែលអនុវត្តដោយ រដ្ឋបាលខណ្ឌទួលគោកផ្ទាល់ បានយកចិត្តទុកដាក់ និងជំរុញការងារការដាក់បណ្តាញលូថ្មី ជាច្រើនខ្សែ ដាក់ភ្លើងបំភឺផ្លូវ ដាក់ស្លាកលេខផ្លូវ ការជួសជុលចាក់អ៊ុតកៅស៊ូឡើងវិញនៅតាមផ្លូវនានា នៅតាមមូលដ្ឋានសង្កាត់នានា ក្នុងខណ្ឌទួលគោក។ សម្រាប់ការងារការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ លោកអភិបាលខណ្ឌទួលគោក បានបញ្ជាក់ថា ក្នុងត្រីមាសទី៣ឆ្នាំ២០១៦នេះ គណៈបញ្ជាការឯកភាពខណ្ឌ បានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស បានល្អប្រសើរ។
លោកស្រី ម៉ែន សំអន បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទាំងអស់ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានរួមចំណែកជួយក្នុងការអនុវត្តនូវនយោបាយ ដែលរាជរដ្ឋាភិបាល បានដាក់ចុះអោយអនុវត្ត បានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋ ហើយយើងមើលឃើញថា នយោបាយដែលរាជរដ្ឋាភិបាល បានផ្តល់ជូននេះ គឺច្រើនណាស់ រួមមាន បញ្ហាសុខសន្តិភាព បញ្ហាស្ថេរភាពនយោបាយ ហើយយើងបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍន៍តាមមូលដ្ឋានភូមិសង្កាត់ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សំដៅធ្វើអោយក្នុងសង្កាត់យើងនីមួយៗ ប្រជាពលរដ្ឋ មានភាពកក់ក្តៅ មានទំនុកចិត្ត និងមានការជឿជាក់ មកលើការដឹកនាំរបស់យើងគ្រប់ជាន់ថ្នាក់ ពិសេសបញ្ហាភូមិសង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច។
ជាមួយនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដែលបានទទួលយកនិងដោះស្រាយនូវរាល់សំណើរ និងសំណូមពររបស់ខណ្ឌ សង្កាត់ និងបានដោះស្រាយជូនបានទាន់ពេលវេលា នូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើង។
លោកស្រីបញ្ជាក់ថា បញ្ហាការបំរើដល់ប្រជាពលរដ្ឋយើងនេះ យើងពិនិត្យអំពីការធានាការអនុវត្ត នូវយុទ្ធសាស្ត្រចតុកោណ ដែលក្នុងអាណត្តិទី៥ មកដល់ពេលនេះ គឺជាឆ្នាំទី៣ ឈានចូលទី៤ហើយ ឆ្នាំ២០១៧ និង២០១៨ជិតមកដល់ហើយ ដូច្នេះយើងមានព្រឹត្តការណ៍នយោបាយ២ គឺការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលជាព្រឹត្តការណ៍នយោបាយសម្រាប់យើងទាំងអស់គ្នា ត្រូវប្រឹងប្រែងខិតខំ ប្តេជ្ញាថែមទៀត ដើម្បីអោយប្រជាពលរដ្ឋ លោកបានមើលឃើញថាតើ យើងបានបំរើអ្វីគាត់ខ្លះ យើងនៅកៀកកិតជាមួយគាត់យ៉ាងម៉ិចខ្លះ ដើម្បីគាត់វាយតម្លៃប្រកបដោយភាពយុត្តិធម៌ ចំពោះរាជរដ្ឋាភិបាល ដែលបានបំរើនូវសេចក្តីត្រូវការ ទាំងស្មារតី ទាំងសម្ភារៈ ទាំងកិច្ចការអភិវឌ្ឍន៍ ជូនដល់ប្រជាពលរដ្ឋយើងនៅតាមសង្កាត់ ក៏ដូចជាតាមភូមិ។
សូមបញ្ជាក់ថា ខណ្ឌទួលគោក គឺមានកិត្តិយសបំផុត ដែលត្រូវបានលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជ្រើសរើសជាខណ្ឌដំបូង ក្នុងការចុះមកជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ និងភូមិ បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ៕