(ទីក្រុងហ្សឺណែវ)៖ លោក អ៊ុច បូររិទ្ធ ប្រធានគណៈប្រតិភូកម្ពុជា អមដំណើរដោយលោកស្រី ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Tian Xuejun អនុប្រធានគណៈកម្មាធិការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងសុខាភិបាល និងបានជួបសម្តែងការគួរសមជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក YOSHII Akira សមាជិកសភាក្រុមប្រឹក្សាជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌការទូតសភា។

ក្រៅពីជំនួបសម្តែងការគួរសមទាំងពីរខាងលើនេះ លោកស្រី ខេង សំវ៉ាដា និងលោកបណ្ឌិត សម តារា ក៏បានចូលរួមស្តាប់បទអន្តរាគមន៍របស់ប្រទេសជាសមាជិកមហាសន្និបាតលើកទី១៤៩ នៃសហភាពអន្តរសភា ក្រោមប្រធានបទ «ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងនវានុវត្តន៍ (STI) ដើម្បីអនាគតប្រកបដោយសន្តិភាព និងនិរន្តរភាព» ហើយលើសពីនោះគណៈប្រតិភូក៏បានចូលរួមក្នុងការបោះឆ្នោតលើបញ្ហាបន្ទាន់ (Emergency Items) ផងដែរ។

នៅរសៀលថ្ងៃដដែលនេះ លោក សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ ”យុទ្ធសាស្ត្រសភាដើម្បីកាត់បន្ថយផលប៉ះពាល់យូរអង្វែងនៃជម្លោះ រួមទាំងជម្លោះប្រដាប់អាវុធ លើការអភិវឌ្ឍប្រកបដោយចីរភាព”។ នៅក្នុងកិច្ចប្រជុំនេះ លោកបានធ្វើបទអន្តរាគមន៍ ដោយបានលើកឡើង​ពីផលប៉ះពាល់ជាសកលនៃជម្លោះប្រដាប់អាវុធ និងវាយតម្លៃខ្ពស់ដល់ការដោះស្រាយដោយសន្តិវិធី។

លោក សម តារា ក៏បានគូសបញ្ជាក់អំពីបទពិសោធរបស់កម្ពុជា ក្នុងការបញ្ចប់សង្រ្គាមប្រកបដោយសន្តិវិធី និងបានដាក់ចេញនូវ «គោលនយោបាយឈ្នះឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ការអភិវឌ្ឍសង្គម និងខឿនសេដ្ឋកិច្ចបានល្អប្រសើរជាលំដាប់។ ដូចនេះ មានតែសន្តិភាពទេ ទើបអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពពេញលេញបាន៕