(ភ្នំពេញ)៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍ ទូរសព្ទចល័តទាំងអស់ ត្រូវចូលរួមក្នុងការបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃទាំងជំងឺអេដស៍ និងគ្រឿងញៀន។

ការជំរុញនេះធ្វើឡើង ក្នុងឱកាសលោក អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពី «ការចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងទប់ស្កាត់ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍» នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ឯកឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងលោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត អង្គភាពក្រោមឱវាទក្រសួង បណ្តាប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍ សរុបប្រមាណ ២២០រូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង (១). ធ្វើបច្ចុប្បន្នភាពចំណេះដឹងជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត និងប្រតិបត្តិករវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពីការឆ្លង ការការពារ ការថែទាំ ការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងផលវិបាក គ្រោះថ្នាក់និងឥទ្ធិពលនៃគ្រឿងញៀនមកលើក្រុមគ្រួសារ និងសង្គមជាតិ និង (២). ដើម្បីបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការគាំទ្រចូលរួមបញ្ចប់អេដស៍ក្នុងពេលដ៏ខ្លីខាងមុខនេះ និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ សំដៅឆ្លើយតបតាមផែនការនិងទិសដៅក្នុងការទប់ស្កាត់ការឆ្លងមេរោគអេដស៍ ជាពិសេសចំពោះក្រុមគោលដៅប្រឈមខ្ពស់និងទប់ស្កាត់ការប្រើប្រាស់ ការជួញដូរ ការចរាចរណ៍គ្រឿងញៀន ដែលបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិនិងធនធានមនុស្ស។

នៅក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់វាគ្មិន ដែលបានចំណាយពេលក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធថ្មីៗពាក់ពន្ធ័នឹងជំងឺអេដស៍ និងបញ្ហាគ្រឿងញៀន។

លោករដ្ឋលេខាធិការ មានសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀនដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ខ្ពស់ មានភាពឆ្លាតវៃ ក្នុងការត្រួតពិនិត្យកញ្ចប់បញ្ញើជាប់សង្ស័យ ដែលក្រុម ហ៊ុនរបស់ខ្លួន កំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ តាមព្រំដែនគោក ដែនទឹក និងផ្លូវអាកាស។ ចំពោះប្រតិបត្តិករទូរគមនាគមន៍ ទូរសព្ទចល័តទាំងអស់ ត្រូវចូលរួមក្នុងការបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍និងគ្រឿងញៀន ព្រមទាំងបានស្នើដល់ លោក លោកស្រី ជាតំណាងប្រតិបត្តិករប្រៃសណីយ៍ ទូរគមនាគមន៍ ត្រូវយកចំណេះដឹងថ្ងៃនេះ ផ្សព្វផ្សាយបន្តដល់បុគ្គលិកក្រុមហ៊ុន ដើម្បីបន្តគាំទ្រសកម្មភាពជួយសង្គម ក៏ដូចជាសកម្មភាពចូលរួមជាមួយក្រសួងក្នុងការអនវត្តគោលនយោបាយពហុវិស័យរបស់រាជរដ្ឋាភិបាល៕