(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ NoDrug ថាមានករណីចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតនៅលើផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទំនាក់ទំនង និងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

លុះនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បានធ្វើការបង្រ្កាបទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងដកហូតវត្ថុតាងរួមមានក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១០កញ្ចប់។

យោងតាមចម្លើយរបស់ជនសង្ស័យខាងលើ បានសារភាពថា ក្រុមខ្លួនបានដើរចែកចាយ និងជួញដូរគ្រឿងញៀនចល័ត ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕