(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការ​សម្របសម្រួល​ការងារសម្រាប់យន្តកា​រ​វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញជូនលោក James Brew ទីប្រឹក្សាជាន់ខ្ពស់យន្តការ G-PSF នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយភាពធន់ (CAPRED) និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាក្នុងការផ្តល់ការគំាទ្រដល់យន្តការ G-PSF។

ក្នុងជំនួបពិភាក្សានេះលោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការរីករាយ និងពេញចិត្តចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងមកក្រោមការសហការគ្នាយ៉ាងជិតស្និទ្ធ ដែលបានចូលរួមចំណែកគាំទ្រ​ដល់ដំណើរការនៃយន្តការ G-PSF ដែលយន្តការនេះត្រូវបានលេចរូបរាងឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន បានផ្តល់នូវវេទិកាមួយយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមនានា ជូនរាជរដ្ឋាភិបាលពិនិត្យ ស្វែងរកដំណោះស្រាយ និងមានអន្តរាគមន៍។

ទន្ទឹមគ្នានេះដោយឈ្វេងយល់ពីសារៈសំខាន់នៃវេទិកា G-PSF សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំវេទិកា G-PSF លើកទី១៩ ដែលជាវេទិកាលើកទី១ ត្រូវបានរៀបចំឡើងក្នុងនីតិកាលទី៧នៃរដ្ឋសភា ពោលគឺក្នុងរយៈពេលតែ៨៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថ្ងៃឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រី។

ជាលទ្ធផលបន្ទាប់ពីកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ជាច្រើន ជាមួយគ្នានោះ ក៏មានការប្រគល់ភារកិច្ចជូនដល់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន វាយតម្លៃ និងរាយការណ៍មកជូនរាជរដ្ឋាភិបាលជាប់ជាប្រចាំ ជារៀងរាល់៦ខែម្តងផងដែរ៕