(កំពង់ធំ)៖ ពិធីប្រណាំងទូកខេត្តកំពង់ធំ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានចាប់ផ្តើមហើយ តាមដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

ពិធីបើកការប្រណាំងទូកបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមទស្សនា តាមដងស្ទឹងសែន។

តាមកម្មវិធីដែលបានគ្រោងទុក លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ។

សូមបញ្ជាក់ថា ប្រភេទទូកដែលត្រូវប្រណាំងរយ:ពេល២ថ្ងៃនេះ មានទូក៣ប្រភេទ សរុបទូកចំនួន៦៦ទូក ក្នុងនោះមាន៖ ទូកផ្កាចារមានចំនួន១៥ទូក ទូកខ្នាតអន្តរជាតិមានចំនួន៤១ទូក និងទូកវែងចំនួន៩ទូក ដែលមានកីឡាករសរុបចំនួន២០៨០នាក់។ ក្រៅពីនេះ ក៏មានកម្មវិធីបណ្តែតប្រទីប ការបង្ហោះគោម ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការដាក់តាំងលក់ផលិតផល និងម្ហូបអាហារជាច្រើនប្រភេទផងដែរ៕