(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមទស្សនា បើកការប្រកួតអុំទូកនៅតាមដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។
លោក នួន ផារ័ត្ន បានថ្លែងថា ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែទទួលបានការទុកចិត្ត និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។ បងប្អូន កីឡាករ កីឡាការិនីចំណុះទូកទាំងអស់ ជាទីស្រឡាញ់រាប់អានអត្ថន័យសំខាន់នៃពិធីអុំទូកថ្ងៃនេះ មិនមែនជាការចង់ឈ្នះចង់ចាញ់យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សា វប្បធម៌ប្រពៃណីជាតិ ដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍តរៀងទៅ។
ដូចដែលយើងទាំង អស់គ្នាបានដឹងមកហើយ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃពិធីបុណ្យដ៏មានសារៈសំខាន់នេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរៀងរាល់ឆ្នាំ និងចាត់ ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
លោកបានបន្តថា តាមទំនៀមទម្លាប់ខ្មែរ ពិធីបុណ្យអុំទូកតែងតែប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅ នឹងរដូវទឹកសម្រក បន្ទាប់ពីទឹកជំនន់ជនលិចក្នុងរយៈពេលប៉ុន្មានខែដែលបានធ្វើឲ្យបឹងបួទាំងឡាយ ក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ដីល្បប់ដោយសារទឹកជំនន់ នៃទន្លេបឹងបួទាំងឡាយ បានធ្វើឲ្យដី មានជីជាតិ ជាហេតុនាំឲ្យដំណាំទាំងឡាយដែលកសិករធ្វើតាមសង្វាក់ នៃទឹកសម្រកទទួលបានផល យ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើឲ្យប្រជាជនកម្ពុជាជៀសផុតពីគ្រោះទុរភិក្ស ដូច្នេះការរៀបចំពិធីបុណ្យអុំទូក ក៏ជាការឧទ្ទិស និងសម្តែងនូវការដឹងគុណដល់ទន្លេមេគង្គនិងទន្លេសាបដែលបានផ្តល់ជី ជាតិយ៉ាងសំខាន់បម្រើដល់វិស័យកសិកម្មផងដែរ។
លោកអភិបាលខេត្តកំពង់ធំបានសំណូមពរដល់កីឡាករ កីឡាការិនីចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យចូលរួមចំណែក ធ្វើឲ្យពិធីអុំទូករបស់យើង ទទួលបានជោគជ័យ ភាពថ្លៃថ្នូរ ថែរក្សាបាននូវប្រពៃណីដ៏ល្អផូរផង់របស់ ជាតិយើង និងសូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការសង្គមស៊ីវិល ព្រមទាំងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា រួមចំណែកជាមួយយើងខ្ញុំ ក្នុងការរៀបចំពិធីនេះឡើង និងសូមគោរពជូនពរសូមមាន សុខ ភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា ប្រភេទទូកដែលត្រូវប្រណាំងរយ:ពេល២ថ្ងៃនេះ មានទូក៣ប្រភេទ,សរុបទូកចំនួន៦៦ទូកក្នុងនោះមាន៖ទូកផ្កាចារមានចំនួន ១៥ ទូកទូកខ្នាតអន្តរជាតិមានចំនួន៤១ ទូក និងទូកវែង ចំនួន៩ ទូក ដែលមានកីឡាករសរុបចំនួន ២០៨០នាក់៕