(ប្រេស៊ីល)៖ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ប្រទេសប្រេស៊ីល បានធ្វើសេចក្តីប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ អំពីរបកគំហើញនៃហ្វូស៊ីល របស់សត្វដាយណូស័រ ដែលធំជាងគេបង្អស់លើលោក និងមិនដែលធ្លាប់ ត្រូវបានរកឃើញនៅក្នុងតំបន់ អាមេរិកឡាទីននេះពីមុនមកឡើយ។ នេះបើតាមការការផ្សាយនៅ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។
យោងតាមអ្នកវិទ្យាសាស្រ្ត ដែលមកពីសារមន្ទីរវិទ្យាសាស្រ្តពិភពលោក ក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រស៊ីល គ្រោងឆ្អឹងដាយណូស័រ ដែលមានប្រវែងដល់ទៅ ២៥ម៉ែត្រនេះ មានឈ្មោះថា «Austroposeidon Magnificus» ហើយស្ថិតនៅក្នុងអំបូរដាយណូស័រយក្ស Titanosaurs ដែលស៊ីរុក្ខជាតិជាអាហារ និងមានកវែង ឆ្អឹងក្បាលតូច ប៉ុន្តែមានរាងកាយដ៏មាំមួន។
ពពួកសត្វដាយណូស័រខាងលើ ត្រូវគេជឿថាបានរស់នៅក្នុងអំឡុងយុគសម័យ Cretaceous Period ដែលមានរយៈពេលពី១៤៥ ដល់៦៦លានឆ្នាំមុន នៅតាមតំបន់ដែលជាផ្នែក នៃទ្វីបអាមេរិកខាងត្បូង ទ្វីបអាហ្វ្រិក ទ្វីបអង់តាក់ទិក និងទ្វីបអូសេអានី (អូស្ត្រាលី) សព្វថ្ងៃនេះ។
គួរបញ្ជាក់ដែរថា ហ្វូស៊ីលនៃសត្វដាយណូស័រ Austroposeidon Magnificus ត្រូវបានរកឃើញនៅក្នុង ឆ្នាំ១៩៥០ ដោយបាសាណិភូតវិទូ (អ្នកសិក្សាស្រាវជ្រាវពីសំណល់ហ្វូស៊ីល) សញ្ជាតិប្រស៊ីលលោក Llewellyn Ivor Price ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៨០ ដោយគ្មានការទទួលស្គាល់សម្រាប់ របកគំហើញរបស់លោកនេះឡើយ ហើយចាប់តាំងពីពេលនោះមក ហ្វូស៊ីលសត្វដាយណូស័រយក្សនេះ ត្រូវបានគេបន្តសិក្សាស្រាវជ្រាវរហូតមក ទាល់តែរបកគំហើញនេះ ត្រូវបានប្រកាសជាសារធារណៈ នៅថ្ងៃព្រហស្បតិ៍នេះ ថាជាគ្រោងឆ្អឹងសត្វដ៏ធំបំផុតលើផែនដី៕