(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាខែតុលា ឆ្នាំ២០២៤នេះ បានផ្សព្វផ្សាយដល់សាធារណជន អំពីរបាយការណ៍សមិទ្ធផលសង្ខេបសំខាន់ៗ ក្នុងវិស័យបរធនបាលកិច្ច សម្រាប់រយៈពេល៩ខែ ក្នុងឆ្នាំ២០២៤។

គិតត្រឹម៩ខែដើមឆ្នាំ២០២៤ បរធនបាលកិច្ចចំនួន ២៤១ករណី បានចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច ជាមួយទំហំបរធនប្រមាណជា ៣៣៤.៩៥លានដុល្លារអាម៉េរិក ដែលក្នុងនោះមាន៖
* បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន១២១ករណី ជាមួយទំហំបរធនប្រមាណ២៣៣.៥៥លានដុល្លារអាម៉េរិក
* បរធនបាលកិច្ចអចលនវត្ថុចំនួន១១៤ករណី ជាមួយទំហំបរធនប្រមាណ៨០.៩៥លានដុល្លារអាម៉េរិក
* បរធនបាលកិច្ចសាធារណៈចំនួន២ករណី ជាមួយទំហំបរធនប្រមាណ១២.៧២លានដុល្លារអាម៉េរិក
* បរធនបាលកិច្ចមូលនិធិភាគហ៊ុនិកចំនួន១ករណី ជាមួយទំហំបរធនប្រមាណ៧.៣២លានដុល្លារអាម៉េរិក
* បរធនបាលកិច្ចមូលនិធិសោធនិវត្តន៍ឯកជនចំនួន១ករណី ជាមួយទំហំបរធនប្រមាណ២៨ម៉ឺនដុល្លារអាម៉េរិក
* បរធនបាលកិច្ចបុគ្គលចំនួន១ករណី ជាមួយទំហំបរធនប្រមាណ៨ម៉ឺនដុល្លារអាម៉េរិក
* បរធនបាលកិច្ចប្រាក់បញ្ញើមានកាលកំណត់ចំនួន១ករណី ជាមួយទំហំបរធនប្រមាណ៥ម៉ឺនដុល្លារអាម៉េរិក។

ជាមួយគ្នានេះ និយ័តករបរធនបាលកិច្ចបាន៖
* ផ្តល់អាជ្ញាបណ្ណដល់ធនាគារពាណិជ្ជចំនួន៨ ជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក
* ផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនចំនួន៤ ជាក្រុមហ៊ុនបរធនបាល
* ផ្តល់ការទទួលស្គាល់ក្រុមហ៊ុនចំនួន១៥ ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច
* ផ្តល់ការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃចំនួន៣ ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច
* ផ្តល់ការទទួលស្គាល់សវនករជារូបវន្តបុគ្គលចំនួន៣១រូប ជាសវនករជារូបវន្តបុគ្គលក្នុងវិស័យបរធនបាលកិច្ច
* ផ្តល់អាជ្ញាបណ្ណដល់បរធនបាលរូបវន្តបុគ្គលចំនួន១២រូប ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច
* ផ្តល់ការទទួលស្គាល់អ្នកជំនាញវាយតម្លៃ ចំនួន៦រូប ជាអ្នកជំនាញវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច៕