Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ Antonio Guterres កាន់តែខិតជិតទៅរកដំណែងជា អគ្គលេខាធិការ UN

06-10-2016 09:46

(ញូយ៉ក)៖ អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Antonio Guterres អាចនឹងត្រូវបានគេ ជ្រើសតំាងឱ្យបន្តដំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ បន្តពីលោក Ban Ki-moon​ បន្ទាប់ពីមានការបោះឆ្នោត មិនផ្លូវការមួយនៃក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃពុធ (ម៉ោងនៅញូយ៉ក)។ នេះបើតាមការអះអាង របស់អគ្គរដ្ឋទូតរុស្ស៊ីប្រចំាអង្គការសហប្រជាជាតិ លោក Vitali Tchourkrine​ ដែលចុះផ្សាយដោយសារព័ត៌មាន BBC​ ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។ ​​​​

ថ្លែងប្រាប់អ្នកសារព័ត៌មាន​ លោក Vitali Tchourkrine​ បាននិយាយថា «ច្បាស់ណាស់ថា លោក Guterres នឹងត្រូវបានគេជ្រើសរើស ហើយយើងពិតជាចង់ឱ្យលោក បំពេញតួនាទីរបស់ខ្លួនជា អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ៥ឆ្នាំខាងមុខនេះ»។ លោក Guterres បាននំាមុខក្នុងការបោះឆ្នោតបឋម៥ ដំណាក់កាលរួចមកហើយ ក្នុងចំណោមបេក្ខជនប្រកួត ប្រជែង១០រូប ខណៈសមាជិកក្រុមប្រឹក្សាសន្តិសុខ១២ប្រទេស នៃ១៥ប្រទេស បានគំាទ្រលោក Guterres។

គួររំលឹកថា លោក Antonio Guterres មានអាយុ៦៦ឆ្នាំ ធ្លាប់ធ្វើជាប្រមុខបេសកកម្មអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនរយៈពេល១០ឆ្នាំ ហើយបើសិនជាលោកទទួលបាន ការគំាទ្រពីក្រុមប្រឹក្សាសន្តិសុខ នោះលោកនឹងត្រូវឆ្លងការបោះឆោ្នតពីមហាសន្និបាត អង្គការសហប្រជាជាតិ ជាមុនមុននឹងចូលកាន់តួនាទីជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧៕