(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានសូមឲ្យមានការគត់ត្រាទុកចំពោះសម្តីរបស់បុគ្គលម្នាក់រស់នៅក្នុងប្រទេសកាណាដា ដែលបានបោះសម្តីរិះគន់ដល់សម្តេច ក្នុងការចុះទៅសម្ពោធសាលារៀន ចែកសញ្ញាបត្រ ព្រមទាំងបានលើកឡើងថា «សាលាហ៊ុនសែនតិរិច្ឆាន»។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាប្រឈមនៃបេក្ខភាពប្រធានាធិបតីអាមេរិក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោកដូណាល់ ត្រាំ មិនមែនជាបញ្ហាប្រឈមតូចតាចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ សម្តេចតេជោធ្លាប់បានចូលបង្រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន ៤ដងកាលពីទស្សវត្សរ៍ឆ្នាំ៨០ ដែលមេរៀនដែលសម្តេចបានបង្រៀនពេលនោះ គឺការវាយតម្លៃអន្តរជាតិ និងការវាយតម្លៃស្ថានការណ៍នៅក្នុងប្រទេស និង វិធីសាស្រ្តដឹកនាំ និងការធ្វើការងារ។ សម្តេចតេជោ ហ៊ុន សែន ថា មេរៀននេះ គឺជាមេរៀន ដែលគ្មានសាលាណាបង្រៀន ក្រៅតែពីមេដឹកនាំប្រទេសប៉ុណ្ណោះជាអ្នកបង្រៀន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ និងមានមោទនភាព ចំពោះការដាក់ចេញគោលនយោបាយឲ្យវិស័យឯកជន ចូលរួមវិនិយោគលើការអប់រំ ក៏ដូចជាការផ្តល់ឱកាសឲ្យសាកលវិទ្យាល័យរដ្ឋផ្តល់ការសិក្សាបង់ថ្លៃ ដែលជាការផ្តល់លទ្ធភាពឲ្យសាកលវិទ្យាល័យរដ្ឋ អាចស្វែងរកថវិកាសម្រាប់ផ្តល់ប្រាក់បៀវត្សរ៍ដល់គ្រូ និងយកថវិកាសាងសង់អគារសិក្សាបន្ថែម។ សម្តេចតេជោ បានហៅនយោបាយនេះថា «ជាការយកស្លឹកត្នោត ខ្ចប់ស្ករត្នោត»។
* សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរជាមួយនិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទាំងជាង ៣ពាន់នាក់។ សម្តេចតេជោ ហ៊ុន សែន បានហៅការសម្រេចជោគជ័យនេះថា ជាការប្រឹងប្រែងរបស់និស្សិតផ្ទាល់ខ្លួន និងការតស៊ូរបស់ក្រុមគ្រួសារ។ សម្តេចតេជោ សូមឲ្យនិស្សិតទាំងអស់ ត្រូវបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីតបស្នងសងគុណដល់អាណាព្យាបាល ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តជម្នះការលំបាកសព្វបែបយ៉ាងសម្រាប់ការសិក្សារបស់កូនៗ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យមានការទប់ស្កាត់ និងពង្រឹងឲ្យបានខ្ពស់ទៅលើការជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ថានភាពជួញដូរគ្រឿងញៀននៅប្រទេសហ្វីលីពិន និងឥណ្ឌូនេស៊ី គឺប្រហាក់ប្រហែលនិងកម្ពុជាផងដែរ។ ប្រហាក់ប្រហែលត្រង់ថា ឈ្មួញគ្រឿងញៀនទាំងនោះ បើទោះបីជាប់ពន្ធនាគារហើយនៅតែអាចជួញដូរគ្រឿងញៀនបានទៀត។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា នៅថ្ងៃអាទិត្យនេះសម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅប្រទេសថៃ ហើយក៏មានការជួបប្រជុំជាមួយ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ផងដែរ។
* សម្តេចតេជោ បានប្រកាសទៀតថា នៅថ្ងៃទី១៣-១៤ ខែតុលានេះ លោកប្រធានាធិបតីចិន ស៊ីជីនពីង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយកិច្ចព្រមព្រៀង មិនតិចជាង ២៨ នឹងត្រូវចុះហត្ថលេខា។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កិច្ចព្រមព្រៀងទាំងអស់នេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិនកាលពីឆ្នាំ២០០៤។ សម្តេចតេជោថា កិច្ចព្រមព្រៀងទាំងអស់នោះ នឹងមានការផ្តោតជាសំខាន់សម្រាប់ការបើកច្រកទំនិញ កសិផលកម្ពុជាទៅក្នុងប្រទេសចិន ក៏ដូចជាការទាញយកអ្នកទេសចរចិនមកកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅក្នុងអំឡុងខែតុលានេះ ក៏នឹងមានរដ្ឋមន្រ្តីរបស់ប្រទេសអង់គ្លេសមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចនឹងចរចាទៅលើការនាំចេញរបស់កម្ពុជា ដែលពីមុនកម្ពុជានាំចូលទៅអង់គ្លេសក្រោមរបបពាណិជ្ជកម្មអឺរ៉ុប។ ដូច្នេះសម្តេច ត្រូវចរចាជាមួយអង់គ្លេសនៅក្រោមរបបអង់គ្លេសទៀតឬយ៉ាងណា? ហើយនៅផ្តល់ការអនុគ្រោះដូចនៅក្នុងអឺរ៉ុបទៀតឬយ៉ាងណា? បើតាមសម្តេចការនាំចេញរបស់កម្ពុជា ទៅកាន់អង់គ្លេស មានរហូតដល់ជាង ៨លានដុល្លារអាមេរិក។
* និយាយដល់ការនាំចេញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីរក្សាស្ថេរភាព និងជំរុញកំណើន នៃការនាំចេញរបស់កម្ពុជានោះ គឺត្រូវតែប្រឹងប្រែងរក្សានូវទីផ្សារចាស់ ហើយក៏ត្រូវពង្រីកទីផ្សារថ្មីទៅកាន់ប្រទេសផ្សេងៗទៀត។
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ការចូលសភា ឬមិនចូលសភារបស់បក្សប្រឆាំង គ្មានអ្វីត្រូវរាំងស្ទះដំណើរការការងារ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះទេ, គ្មានអ្វីត្រូវបារម្មណ៍ទេ ចូលក៏ប៉ុណ្ណឹង មិនចូលក៏ប៉ុណ្ណឹង។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងសារអរគុណដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងស្ថេរភាពបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សម្តេចតេជោ បានថ្លែងថា ព្រោះតែកត្តាជីវភាព និងសុខសន្តិភាព ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ បានទៅលេងក្រុមគ្រួសារ និងលេងកម្សាន្តនៅកន្លែងកម្សាន្តនានាស្ទើរទូទាំង ប្រទេសនាំឲ្យរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖២២នាទី៕