(ភ្នំពេញ)៖ នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យអុំទូក នៅខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤នេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី នៃខេត្តបាត់ដំបង តំណាងដ៏លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកមោងឬស្សី បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឬស្សី ជួបសំណេះសំណាលជាមួយកីឡាករប្រណាំងទូកងសរុបចំនួន៦០នាក់ មកពីទូកងចំនួន២មកពីស្រុកមោងឬស្សី នៃខេត្តបាត់ដំបង។
ទូកទាំង២នោះរួមមានគ ទូកងកន្លង់រ័ត្នរំពាត់មាស និង ទូកងកន្លង់ថោងសំរោងពេជ្រ ដោយនាំមកជូនកីឡាករនូវថវិកាសរុបចំនួន១៥លានរៀល មី៥០កេស ត្រីខ២៥០កំប៉ុង ទឹកសុទ្ធ៦០យួ ទឹកភេសជ្ជៈប៉ូវកំលាំង៦០យួ ទឹកត្រី១២យួ ទឹកស៊ីអ៊ីវ៥យួ ព្រមទាំងគ្រឿងសម្ភារៈចាំបាច់មួយចំនួនទៀត។
ក្នុងឱកាសនោះ លោក ជិន ម៉ាលីន បានកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាននៃស្រុកមោងឬស្សី យុវជនយុវនារីស្ម័គ្រចិត្ត និងជាពិសេសកីឡាករទូកងស្រុកមោងឫស្សី ដែលបានខិតខំប្រឹងប្រែងឱ្យមានកីឡាករទូកង នៃស្រុកមោងឬស្សីចំនួន៦០នាក់ ដែលមានទូកងចំនួន២គ្រឿង ចូលរួមក្នុងការប្រណាំងទូកង ដើម្បីអបអរសាទរពីធីបុណ្យអុំទូកនៅខេត្តបាត់ដំបង។
លោក ជិន ម៉ាលីន បានលើកទឹកចិត្តឱ្យកីឡាករប្រណាំងទូកងនៃស្រុកមោងឬស្សីទាំងអស់ខិតខំប្រឹងប្រែងយកជ័យជំនះ ក្នុងវគ្គផ្តាច់ព្រាត់ឱ្យបាន ហើយអាចចូលទៅប្រកួតនៅក្នុងពីធីបុណ្យអុំទូកថ្នាក់ជាតិនៅទីក្រុងភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕