(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ហើយក៏ជាអ្នកផ្តួចផ្ដើមព្រឹត្តិការណ៍មួយរូបដែរនោះ បានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមវិភាគទានសម្រាប់ដំណើរការកម្មវិធីសំណេរអង្គរលើកទី២ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
កម្មវិធីសំណេរអង្គរ ត្រូវបានរៀបចំមួយលើករួចមកហើយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសមណសិស្ស បេក្ខជន-បេក្ខនារីសរុបជាង៧០០នាក់។ ក្រោយជោគជ័យក្នុងការរៀបចំលើកទី១នោះ អន្តរក្រសួង-ស្ថាប័នក៏បានឯកភាពគ្នារៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះជាលើកទី២។
ក្នុងការត្រៀមរៀបចំព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២នោះ ជាការអំពាវនាវរបស់លោក លឹម ប៊ុនហុក៖ «ប្រសិនជាសប្បុរសជនដែលមានចិត្តសទ្ធាជ្រះថ្លាចង់ជួយជ្រោមជ្រែងភាសាខ្មែរយើង សូមមេត្តាជួយឧបត្ថម្ភគាំទ្រជាថវិកាក្ដី ជារង្វាន់ក្ដី ក្រុមការងារនឹងទទួលយក ដើម្បីយកចែកជូនបេក្ខជន-បេក្ខនារីដែលឈ្នះ និងយកមកប្រើប្រាស់លើចំណាយផ្សេងៗក្នុងការរៀបចំការប្រកួតសរសេរតាមអានជាសាធារណៈនេះ»។
លោកថា បើតាមការគ្រោងទុក កម្មវិធីនឹងទទួលអ្នកចូលរួមប្រកួតចាប់ពី១០០០-១៥០០នាក់ ពោលគឺលើសចំនួនកាលពីលើកទី១ប្រមាណ៥០០នាក់ ដែលត្រូវចំណាយក្នុងការរៀបចំច្រើនជាងមុនដែរ។
បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា ការចុះឈ្មោះចូលរួមប្រកួតធ្វើឡើងតាមរយៈ Telegram ដែលមានលេខ៖ 092 337 626 ដោយភ្ជាប់ជាមួយលក្ខខណ្ឌងាយៗ ប្រសិនបើជាសិស្ស ឬនិស្សិតសូមភ្ជាប់ជាមួយបណ្ណសម្គាល់អត្តសញ្ញាណសិស្ស ឬនិស្សិត (កាតសិស្ស) ប្រសិនបើជាប្រជាពលរដ្ឋទូទៅសូមភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ហើយសម្រាប់ជនបរទេសសូមភ្ជាប់ជាមួយលិខិតឆ្លងដែន។
សូមជម្រាបថា កម្មវិធីសំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ខណៈមហាជនទូទៅ ក្រសួង ស្ថាប័ន ផ្នែកឯកជនមានការគាំទ្រយ៉ាងក្លៀវក្លាចំពោះកម្មវិធីដ៏មានសារសំខាន់នេះ។
យើងអាចហៅកម្មវិធីសំណេរអង្គរនេះថាជាការប្រកួតសរសេរតាមអានអក្សរខ្មែរក៏បាន ព្រោះជាការចូលរួមប្រកួតសរសេរអត្ថបទជាភាសាខ្មែរ ដែលបើកឱ្យមានការចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ៕