(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការរៀបចំព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី១ កាលពីឆ្នាំ២០២៣កន្លងទៅនោះ គណៈកម្មការរៀបចំបាននិងកំពុងរៀបចំព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិនេះជាលើកទី២ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅស្ពានហាលមុខប្រាសាទអង្គរវត្តដដែល ហើយបើតាមគម្រោងនឹងទទួលអ្នកចូលរួមប្រកួតចាប់ពី១០០០-១៥០០នាក់។
គួរជម្រាបថា កម្មវិធីសំណេរអង្គរ ឬអាចហៅថាកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិ ត្រូវបានរៀបចំមួយលើករួចមកហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសមណសិស្ស បេក្ខជន-បេក្ខនារីសរុបជាង៧០០នាក់។ ក្រោយជោគជ័យក្នុងការរៀបចំលើកទី១នោះ អន្តរក្រសួង-ស្ថាប័នក៏បានឯកភាពគ្នារៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះជាលើកទី២។
ក្នុងសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ហើយក៏ជាអ្នកផ្តួចផ្ដើមព្រឹត្តិការណ៍មួយរូបដែរនោះ បានឱ្យដឹងថា កម្មវិធីសំណេរអង្គរលើកទី២ នឹងត្រូវធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ (ថេរវេលាប្រឡងមានរយៈពេល១ម៉ោង) នៅស្ពានហាលមុខប្រាសាទអង្គរវត្តដដែល។
លោក លឹម ប៊ុនហុក បានបន្តថា ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះបានតាមរយៈបណ្ដាញតេឡេក្រាមលេខ 092 33 76 26 និងស្នើភាគទាន២០,០០០រៀល ដើម្បីបោះអាវយឺតដ៏ស្រស់ស្អាតមួយសម្រាប់សាមីបេក្ខជនផ្ទាល់។ ការទទួលចុះឈ្មោះបេក្ខជន-បេក្ខនារីចូលរួមប្រកួតក្នុងកម្មវិធីសំណេរអង្គរលើកទី២ គឺធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤ ពោលគឺមុន៣សប្ដាហ៍នៃការចាប់ផ្ដើមកម្មវិធី ដើម្បីទុកពេលឱ្យក្រុមការងារត្រៀមកិច្ចការសម្រាប់ចំនួនអ្នកចូលរួមជាក់ស្ដែង។ លោកថា បើតាមការគ្រោងទុក កម្មវធីនឹងទទួលអ្នកចូលរួមប្រកួតចាប់ពី១០០០-១៥០០នាក់ ពោលគឺលើសចំនួនកាលពីលើកទី១ប្រមាណ៥០០នាក់។
លោក លឹម ប៊ុនហុក បានបន្តទៀតថា ក្នុងការប្រកួតលើកទី២ខាងមុខនេះ គឺនឹងមានការបែងចែកបេក្ខជនជា២ក្រុម គឺក្រុមអាយុ១៨ឆ្នាំចុះ និងក្រុមអាយុ១៩ឆ្នាំឡើង ប៉ុន្តែវិញ្ញាសាសរសេរគឺដូចគ្នា។
លោក ហួ ឈុនគ្រី អគ្គលេខាធិការរង នៃអគ្គាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកជាប្រធាននាយកដ្ឋានកិច្ចការប្រឡង បានឱ្យដឹងថា មកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមបានរួចជាស្រេចហើយនូវលក្ខណៈបច្ចេកទេសនៃការប្រកួតសរសេរតាមអានអក្សរសាស្ត្រ នៃព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២នេះ ពោលគឺចាំតែពេលវេលាមកដល់ គឺនឹងចាប់ផ្ដើមដំណើរការតែម្ដង។ លោក ហួ ឈុនគ្រី នឹងដើរតួនាទីជាប្រធានគណៈមេប្រយោគក្នុងកម្មវិធីសំណរអង្គរលើកទី២។
ក្រសួង-ស្ថាប័នសំខាន់ៗដែលចូលរួមក្នុងការរៀបចំព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២នេះ រួមមាន៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន អាជ្ញាធរជាតិអប្សរា៕