(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបីតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ខួប១២ឆ្នាំ នៅសាលាខេត្តកំពង់ធំ។
ពិធីក្រោមអធិបតីលោក ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោក នួន ផារ័ត្ន អភិបាលខេត្ត និងមាននិមន្ត និងអញ្ជើញចូលរួម ដោយព្រះមេគណ មន្ត្រីសង្ឃ អាចារ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់មន្ទីរ ស្ថាប័នជុំវិញខេត្ត កងកម្លាំងទាំងបី សិស្ស យុវជន កាយរិទ្ធ យុវជនកាកបាទក្រហម យ៉ាងច្រើនកុះករ។
រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីតបស្នងនូវព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលក្រៃលែង ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វ ហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានអាននូវព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ សូមសម្ដែងនូវទឹកចិត្ត ពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ និងសោកស្ពាយ ស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះការយាងចូលព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាករុណាទិគុណ របស់ព្រះអង្គ បានចារឹកទុកក្នុងទំព័រមាស នៃប្រវត្តិសាស្ត្រ និងក្នុងក្រអៅបេះដូងរបស់ កូនខ្មែរ ជាកូន ជាចៅ ជាចៅទួត ជាចៅលួត របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមថ្វាយទៅព្រះ អតីតព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ សុំព្រះអង្គយាងទៅកាន់ព្រះបរមសុខក្នុងសុគតិភព សូមឱ្យព្រះវិញ្ញាណក្ខន្ធដ៏ស័ក្ដិសិទ្ធិ ប្រកបដោយវឌ្ឍនភាព វិបុលភាព និងសេចក្ដីសុខក្សេមក្សាន្ត រុងរឿង យូរអង្វែង៕