(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់គណៈកម្មាធិការអធិការកិច្ច និងយុត្តិធម៌ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយលោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ លោក អង្គ វង្ស វឌ្ឍានា បានជួបពិភាក្សាការងារជាមួយលោក ស៊ែវ ជៀ (Xiao Jie) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនោះ ភាគីទាំងពីរបានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីរឹតចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែស៊ីជម្រៅ និងធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាព កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក៏ដូចជាចូលរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។
ក្នុងថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី៦ បានជួបពិភាក្សាការងារជាមួយលោក យ៉ាង ស៊ែវ ឆាវ (Yang Xiaochao) ប្រធានគណៈកម្មាធិការអធិការកិច្ច និងយុត្តិធម៌ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ជួបពិភាក្សាការងារជាមួយតុលាការកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន នឹងបានជួបពិក្សាការងារជាមួយក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្ដូរ និងចែករំលែកនូវបទពិសោធនៃការអនុវត្តការងារក្នុងវិស័យច្បាប់ តុលាការ និងការរៀបចំសេចក្តីព្រាងច្បាប់ ដាក់ជូនរដ្ឋសភាអនុម័តដើម្បីការដឹកនាំគ្រប់គ្រងប្រទេសរៀងៗខ្លួន។
បន្ទាប់ពីទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នឹងបន្តដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅសភាតំណាងប្រជាជនចិន នៅខេត្តសានស៊ី (Shanxi) និងសភាតំណាងប្រជាជនចិន ខេត្តក្វាងទុង (Guangdong)៕