(ពោធិ៍សាត់)៖ ស្រវឹងកុំបើកបរ! បុរសម្នាក់ផឹកស្រាស្រវឹងជោកពេញមួយថ្ងៃ ជិះម៉ូតូមកលេងផ្ទះមិត្តភក្តិ ហើយបានឡើងបើកម៉ូតូបម្រុងត្រឡប់ទៅវិញ ក៏ទប់ខ្លួនមិនជាប់ ដួលបោកក្បាលនឹងជើងតាងសរសផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅម៉ោង០៨៖១០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះ ឈ្មោះ ហ៉ីម ម៉ាន ស្ថិតក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកថ្ងៃទី០៦ ខែតុលានេះថា សាកសពជនរងគ្រោះដែលស្រវឹងស្រាជោក ឡើងបើកម៉ូតូទប់មិនជាប់ ដួលបោកក្បាលស្លាប់នោះមានឈ្មោះ សាំង កុសល ហៅមួយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោគពេញមួយថ្ងៃ ហើយបានជិះម៉ូតូមកលេងផ្ទះគូកនឈ្មោះ ហ៉ីម ម៉ាន ភេទប្រុស ជនជាតិខ្មែរឥស្លាម ពេលអង្គុយបានមួយសន្ទុះ ជនរងគ្រោះបានឡើងបញ្ជាម៉ូតូបម្រុងត្រឡប់ទៅវិញក៏ទប់មិនជាប់ ដួលបោកក្បាលនឹងជើងតាងសរសផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខាងលើតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះ រៀបចំធ្វើបុណ្យតាមប្រពៃណី៕