(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១២ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តមសីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅព្រះរាជដំណាក់ក្នុងក្រុងសៀមរាប។
ពិធីនេះ ក្រោមវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការង កងកម្លាំងប្រដាប់អាវុធ និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។
ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលទីវង្គត់ ដែលធ្វើឲ្យយើងជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ព្រមទាំងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្ររបស់ព្រះអង្គ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រហស្ថរបស់ព្រះករុណា ដែលបានបន្សល់ទុកនៅសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ។
ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើមី្បបុព្វហេតុជាតិ ក្នុងការទាមទានូវឯករាជ្យជាតិ ពីអាណានិគមបារាំងសេស និងខេត្តមួយចំនួនពីប្រទេសសៀម ព្រមទាំង ប្រាសាទព្រះវិហារ ក្នុងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។
ព្រះវីរៈសកម្មភាពរបស់ព្រះអង្គ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង។ ក្នុងការតបស្នងចំពោះ មហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាង ជូនមាតុភូមិ និងប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គនោះ។
បន្ទាប់ពីការបូជា ទៀន ធូប ថ្វាយនៅចំពោះមុខព្រះឆ័យ្យលៈរបស់ព្រះបរមរតនកោដ្ឋ និងការគោរពព្រះវិញ្ញាណក្ខ័ន្ត របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គទ្រង់ បានយានទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តសៀមរាប អាជ្ញាធរខេត្ត បានធ្វើការណែនាំដល់បណ្តាគ្រប់ទីវត្តអារាម និងគ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក៏បានរៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋផងដែរ៕