(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការងារសវនកម្មផ្ទៃក្នុង ចូលរួមចំណែកសំខាន់ដល់ជោគជ័យនៃការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

ការលើកឡើងបែបនេះរបស់លោក ខ្វៃ អាទិត្យា បានធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសលោកបានអញ្ជើញបិទសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» ដែលបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ លោកបានលើកឡើងថា សិក្ខាសាលានេះ បានបញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាពដល់មន្រ្តីរាជការ និងសវនករផ្ទៃក្នុង ឱ្យបានយល់ច្បាស់ចំពោះមុខងារ និងប្រព័ន្ធសវនកម្មផ្ទៃក្នុង។ មុខងារសវនកម្មផ្ទៃក្នុង នឹងកាន់តែមានសារៈសំខាន់ និងមិនអាចខ្វះបាននៅពេលដែលកិច្ចដំណើរការការងារតាមបណ្តាអង្គភាព ត្រូវបានធ្វើស្វ័យប្រវត្តិកម្មកាន់តែខ្ពស់ឡើង នៅក្នុងពេលអនាគត។

អ្នកនាំពាក្យរូបនេះ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានសិក្ខាសាលា ដ៏មានអត្ថប្រយោជន៍ក្នុងការបង្កើនចំណេះដឹង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការក្រសួងបរិស្ថាន ដើម្បីចូលរួមបំពេញការងារតាមជំនាញតាមអង្គភាពរៀងៗខ្លួន ដើម្បីឈានទៅសម្រេចបាននូវគោលដៅ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺ ស្អាត បៃតង និងចីរភាព និងជាសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបង្កើនគម្របព្រៃឈើនៅកម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕