(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ខួបលើកទី១២ (១៥ តុលា ២០១២ ដល់ ១៥ តុលា ២០២៤) នៃទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។

ការយាងចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់មហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្ដម វិសេសវិសាលរបស់ព្រះអង្គ៕