(ភ្នំពេញ)៖ វិភាគទានច្បាប់ បាននិងកំពុងរៀបចំកម្មវិធីប្រកួតប្រជែងសមត្ថភាពច្បាប់ ឈ្មោះថា វេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់រដូវកាលទី២ (Women Legal Contest Season 2) ដែលមានបេក្ខជនដាក់ពាក្យចូលរួមប្រកួតចំនួន ៦០រូប លើប្រធានបទជាច្រើនទាក់ទងនឹងក្រមរដ្ឋប្បវេណី។

កាលពីរសៀល ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ វិភាគទានច្បាប់ រៀបចំកម្មវិធីបង្ហាញបេក្ខជនទាំង ៦០រូប អ្នកគ្រប់គ្រងកម្មវិធី គណៈកម្មការដែលជាគ្រូបង្វឹក ព្រមទាំងធ្វើការកំណត់បង្ហាញនូវបែបបទផ្សេងៗដែលពាក់ព័ន្ធនឹងការប្រកួត ដោយមានការចូលរួមពីលោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ និងភ្ញៀវកិត្តិយសសរុបចំនួន ១៥០នាក់។

គួរបញ្ជាក់ផងដែរថា វេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ គឺជាកម្មវិធីលើកកម្ពស់ការអប់រំ(ច្បាប់) លើកកម្ពស់សមត្ថភាពស្ត្រីនិងសមភាពយេនឌ័រ ផ្សព្វផ្សាយច្បាប់ផ្នែករដ្ឋប្បវេណី ផ្តល់ឱកាសឱ្យស្ត្រីបង្កើនចំណេះដឹង ទាំងជំនាញរឹង ជំនាញទន់ និងបំណិនជីវិត ព្រមទាំងផ្តល់ឱកាសឱ្យនិស្សិតជាស្ត្រីអាចបញ្ចេញនូវសមត្ថភាព ទេពកោសល្យ ភាពក្លាហាន ភាពឈ្លាសវៃ ភាពបត់បែន តាមរយៈការប្រកួតប្រជែងទាំង៤ដំណាក់កាល គឺការប្រកួតជម្រុះជុំទី១- Presentation Audition ការប្រកួតជម្រុះជុំទី២- Presentation Battle វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ-Video Bid និងវគ្គផ្តាច់ព្រ័ត្រ-Public Speaking ដែលមានរយៈពេល ៦ខែ។ ការប្រកួតជម្រុះជុំទី១ នឹងចាប់ផ្តើមនៅថ្ងៃទី៨-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងរៀបចំនៅខែមីនា ឆ្នាំ២០២៥។

ស្ថាបនិកវិភាគទានច្បាប់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភគាំទ្រកម្មវិធីនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ព្រមទាំងអរគុណចំពោះអ្នកគាំទ្រទាំងអស់ ដែលស្រលាញ់ចូលចិត្តចំពោះកម្មវិធីបណ្តុះបណ្តាលច្បាប់របស់វិភាគទានច្បាប់ ជាពិសេសកម្មវិធីប្រកួតប្រជែងសមត្ថភាពមួយនេះ៕