(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់អនុសាសន៍៧ចំណុចដល់បណ្តាអង្គភាពកងយុទ្ធពលខេមរភូមិន្ទ ដើម្បីជំរុញការលើកកម្ពស់វិស័យការពារជាតិនៅកម្ពុជា​ឱ្យកាន់តែប្រសើរថែមទៀត។

​ការដាក់ចេញនូវអនុសាសន៍នេះ ស្របពេលដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥​ ខែតុលា ​ឆ្នាំ២០២៤។

សម្តេចសម្ដេចបវរធិបតី មានប្រសាសន៍ថា ស្របតាមបេសកម្មការពារជាតិកំណត់ដោយរាជរដ្ឋាភិបាលនិតិកាលទី៧​នៃរដ្ឋសភា​ ​សង្ឃឹមថា បញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាកងយុទ្ធពលខេមរភូមិន្ទទាំងមូល នឹងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានគត់មុត។

ដើម្បីជំរុញការលើកកម្ពស់វិស័យការពារជាតិឱ្យកាន់តែប្រសើរថែមទៀត ​សម្តេចបានដាក់ចេញនូវអនុសាសន៍មួយចំនួនដល់បណ្តាអង្គភាពកងយុទ្ធពលខេមរភូមិន្ទ ដូចខាងក្រោម៖

*ទី១៖ កងទ័ពត្រូវតែជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ ដោយដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និង ប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តនានា ប្រកាន់ខ្ជាប់នូវ ប្រពៃណី សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិតដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន។

*ទី២៖ គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុតលើការប្រើប្រាស់កម្លាំងធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការជំនាញ និង សូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើមឱ្យបានត្រឹមត្រូវ​និងបានគង់វង្ស។
*ទី៣៖ គ្រប់អង្គភាពទាំងអស់ ត្រូវបន្តពង្រឹងជាប់ជាប្រចាំក្នុងការហ្វឹកហ្វឺន រៀនសូត្រ និង ការកសាងប្រភពធនធានមនុស្ស​ ទាំងបរិមាណ និងគុណភាព, ដើម្បីបម្រើការការពារជាតិឱ្យមានប្រសិទ្ធភាពខ្ពស់​ ជាពិសេសអង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើនជំនាញដោយយោធិនឱ្យស្របទៅតាមភារកិច្ច។

*ទី៤៖ សូមអង្គភាពទាំងអស់ យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និង សម្ភារគ្រប់​យ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ​ នៅពេលមានគ្រោះភ័យជាយថាហេតុ​ ដោយតាំងមានស្មារតីបុរេសកកម្ម​ ព្រមទាំងសហកម្មឱ្យបានស្អិតរមួត ជាមួយនឹងអាជ្ញាធរដែនដីពាក់ព័ន្ធ​។

*ទី៥៖ យកចិត្តទុកដាក់លើការធានាភស្តុរភារ និងសុខាភិបាលក្នុងកងទ័ព ដើម្បីធានានូវជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពរបស់យើងឱ្យបានកាន់តែល្អប្រសើរ។

*ទី៦៖ ការងារសោធន និងការងារវាយតម្លៃពិការភាព​ ត្រូវធ្វើឱ្យមានសុក្រឹត្យភាព​ ដើម្បីធានានូវតម្លាភាព​ ភាពត្រឹមត្រូវ និងសច្ចៈភាព។
*ទី៧៖ កងយុទ្ធពលខេមរភូមិន្ទជាពិសេសកងទ័ពជើងគោក សូមត្រៀមលក្ខណៈដើម្បីចូលរួមគាំទ្រដល់កងរាជអាវុធហត្ថ និងនគរបាលជាតិ ដើម្បីប្រយុទ្ធប្រឆាំងនិងបទល្មើសធំៗដែលប៉ះពាល់ដល់សន្តិសុខជាតិនាពេលខាងមុខ​ រួមមាន​១). ​បទល្មើសធនធានធម្មជាតិ ​២).ការជួញដូរគ្រឿងញៀនឆ្លងដែន និង​៣). បទល្មើសឆបោកតាមអនឡាញ​៕