(ឧត្តរមានជ័យ)៖ លោក សាន វិសាល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួង អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំប្រចាំផ្លូវក្រាលល្បាយក្រួសចំនួន០៩ខ្សែ នៅក្នុងក្រុង ស្រុកចំនួន៣ ក្នុងខេត្តឧត្តរមានជ័យ។

ផ្លូវក្រាលល្បាយក្រួសចំនួន៩ខ្សែ ដែលគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យនាពេលនេះ មានប្រវែងសរុប១០០ ១០០ម៉ែត្រ ទទឹងខ្នងលើ ៤,៥ម ៥ម និង៦ម (គម្រោងលេខ DDR-RM-2024-No.016) ស្ថិតនៅឃុំពង្រ ឃុំក្រសាំង ឃុំជើងទៀន ស្រុកចុងកាល់ ឃុំអំពិល ឃុំគោកមន ឃុំបេង ស្រុកបន្ទាយអំពិល និងសង្កាត់កូនក្រៀល ក្រុងសំរោង ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ថវិកាជំពូក៦១។

បន្ទាប់ពីបានចុះត្រួតពិនិត្យ វាយតម្លៃលើការងារខាងលើ គណៈកម្មាធិការអន្តរក្រសួងបានឯកភាពទទួលយកលើគម្រោងនេះ ដោយការយកចិត្តទុក្ខដាក់ខ្ពស់។ ទន្ទឹមនឹងការទទួលយកនេះ គណ:កម្មាធិការអន្តរក្រសួង ក៏បានស្នើឱ្យជួយកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយថែរក្សាផ្លូវនេះឲឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង។

នៅក្នុងឱកាសនោះ លោក សាន វិសាល បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះហេដ្ឋារចនា សម្ព័ន្ធផ្លូវ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋមានភាពងាយស្រួល ស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកក៏បានចែកជូនក្រម៉ាម្នាក់មួយ ជាចំណងដៃដល់ប្រជាពលរដ្ឋផងដែរ៕