(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី បានបណ្តេញក្រុមទាហានចំនួន៥៤០នាក់ ចេញពីទីបញ្ជាការកងទ័ពជើងទឹក និងជើងអាកាសរបស់ខ្លួន ដោយសង្ស័យមានការ ជាប់ពាក់ព័ន្ធនឹងបុព្វជិត Fethullah Gulen និងបណ្តេញរបស់លោក កំពុងរស់នៅសហរដ្ឋអាមេរិក ដែលរងការចោទប្រកាន់ពីរដ្ឋាភិបាលទីក្រុង Ankara ថា ជាមេខ្លោងនៅពីក្រោយខ្នង នៃការធ្វើរដ្ឋប្រហារបរាជ័យ កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមប្រភពពីក្រសួងការពារជាតិ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ ឲ្យដឹងនៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ។
ការបណ្តេញនេះគឺជាការបណ្តេញមន្ត្រីរាជការចុងក្រោយគេបង្អស់ របស់រដ្ឋាភិបាលតួកគី ចំពោះជនសង្ស័យថា មានពាក់ព័ន្ធជាមួយនឹងការធ្វើរដ្ឋប្រហារបរាជ័យ។ ស្ថាប័នតុលាការកំពូលរបស់តួកគី បានដកក្រុមចៅក្រម និងក្រុមព្រះរាជអាជ្ញារ ចំនួន៦៦នាក់ ចេញពីតំណែងផងដែរ។
សូមជំរាបថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១៥ ខែកក្កដា បានបណ្តាលឲ្យមនុស្សជាង២៤០នាក់ស្លាប់ ខណៈបុព្វជិត Gulen ដែលបានទៅរស់នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៩ បានច្រានចោលនូវការចោទប្រកាន់ របស់រដ្ឋាភិបាលតួកគីថា លោកនៅពីក្រោយខ្នង នៃការធ្វើរដ្ឋប្រហារនេះ៕