(កំពង់ធំ)៖ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករទូក ដែលត្រូវត្រៀមខ្លួនចូលរួមអបអរសារទរ ប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលាឆ្នាំ២០២៤ នាពេលខាងមុខ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងក្រុមការងារ បានលើកទឹកចិត្តដល់ក្រុមកីឡាករអុំទូកខ្នាតអន្តរជាតិឈ្មោះ យុវជនតេជោ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកបានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើង បន្តឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ។ ពិធីបុណ្យអុំទូក ជាប្រពៃណីទំនៀមទំលាប់របស់ជាតិ ត្រូវបានលើកកម្ពស់ ដើម្បីប្រជាជនសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព។

លោកបានស្នើសូមកីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ត្រៀមខ្លួនចូលរួមប្រកួតអបអរសារទរ ក្នុងការប្រណាំងទូកនៅខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរ។

លោក រស់ សារាំ បានផ្តល់ជូនក្រុមកីឡាករទូកឈ្មោះ យុវជនតេជោ រួមមាន អង្ករ០២បេ មីកញ្ចប់០៥កេស ទឹកសុទ្ធ២០កេស ទឹកក្រូច០៥កេស ស្រាបៀ០៥កេស ទឹកត្រី០៣យួរ ទឹកស៊ីអ៊ីវ០៣យួរ ខ្លាញ់០៥លីត្រ ស្ករស០៥គីឡូក្រាម និងថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល) ផងដែរ។

ជាមួយគ្នានេះផងដែរ ក្រុមកីឡាករទូកបានថ្លែងអំណរគុណចំពោះលោក និងក្រុមការងារ ដែលបានជួយគាំទ្រដល់ក្រុមកីឡាករទូក បានប្ដេជ្ញាចិត្តក្នុងការហ្វឹកហាត់ឱ្យទទួលបានជោគជ័យ៕