(បាត់ដំបង)៖ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិក្នុងខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានអញ្ជើញចូលរួមដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, សមាជិកក្រុមប្រឹក្សាខេត្ត, គណ:អភិបាលខេត្ត, កងកម្លាំងទាំងបីភេទ, អភិបាលក្រុង ស្រុក, ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មេឃុំ ចៅសង្កាត់ សរុបអ្នកចូលរួម ចំនួន ៥៦៩នាក់។

ក្នុងឱកាសនោះដែរលោក សុខ លូ បានឡើងធ្វើរបាយការណ៍ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិក្នុងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤ រយ:មួយឆ្នាំកន្លងមក។

នៅក្នុងកិច្ចប្រជុំ បានប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០
២៨។

ក្នុងឱកាសនោះដែរ សន្តិបណ្ឌិត សុខ ផល បានថ្លែងថា ក្រសួងបានចុះមកត្រួតពិនិត្យវាយតម្លៃនៃការប្រលងប្រណាំងរបស់សមត្ថកិច្ចមូលដ្ឋាន ដែលបានអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពកន្លងមក បានឃើញថាលទ្ធផលល្អប្រសើ និងចំណុចខ្វះខាត ត្រូវខិតខំបន្តធ្វើឲ្យល្អបន្ថែមទៀតក្នុងឆ្នាំ២០២៥ ខាងមុខបន្តទៀត។

លោករដ្ឋលេខាធិការបានបន្តថា ដោយសារ អាធរមូលដ្ឋានយើងអនុវត្តបានល្អនេះហើយទើបយើងទទួលបាននូវជ័យជម្នះគ្រប់បែបយ៉ាង ទាំងសុខសុវត្តិភាពសន្តិសុខ នយោបាយ មានភាពស្ងប់ស្ងាត់ល្អប្រសើនៅតាមូលដ្ឋាន។ ក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ មានអាទិភាពលើចំណុចទាំង៥ គឺ ធនធានមនុស្ស, ទឹក, ភ្លើង, ផ្លូវ, បច្ចេកវិទ្យា ឌីជីថល។

សូមបញ្ជាក់ថា ចំណាត់ថ្នាក់ក្នុងចំណោម ១០៣ឃុំ សង្កាត់ ទូទាំងខេត្តបាត់ដំបង ឃុំ សង្កាត់ទទួលបានចំណាត់ថ្នាក់លេខ១ មានចំនួន ៦៨ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ២ មានចំនួន៣៤ឃុំ សង្កាត់ និងចំណាត់ថ្នាក់លេខ៣ មានចំនួន១ឃុំ៕