(ភ្នំពេញ)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលើការស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ៣ខ្សែ ប្រវែង ៦ ៣០០ម៉ែត្រ ស្ថិតនៅស្រុកជីក្រែង ខេត្តសៀមរាប។
ជុំវិញការស្ថាបនាផ្លូវនេះលោកឧត្តមសេនីយទោ ង៉ែត សុណ្ណរ័ត្ន នាយករងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពាជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ បានអនុវត្តការងារនេះដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ និងជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀនជាដើម ជាក់ស្តែងការងារស្ថាបនាផ្លូវខាងលើនេះបានអនុវត្តសម្រេចបានលទ្ធផល ១០០ភាគរយ។
នាឱកាសនោះ លោក អ៉ិន ចន្ថា បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ផ្លូវជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននឹងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងក្នុងយុទ្ធសាស្រ្តអភិវឌុ្ឍន៍ជនបទ៥ឆ្នាំ ២០១៩-២០២៣ កន្លងមកនេះគឺមានគោលបំណងលើកកម្ពស់គុណភាព និងគុណភាណតម្លៃនៃការរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងវប្បធម៌ គឺបានកំណត់ យុទ្ធសាស្រ្តចំនួន៤ មាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, លើកកម្ពស់លក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ, ធ្វើពិពិធកម្មសកម្មភាព សេដ្ឋកិច្ចជនបទ, និងពង្រីកសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅក្នុងគោលដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងស្ថាប័ន។
លោក អ៉ិន ចន្ថា បន្តលើកឡើងថា ជុំវិញការអភិវឌ្ឍផ្លូវនៅតាមជនបទនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីបង្ករការរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមជនបទ ជាក់ស្តែងគម្រោងផ្លូវក្រាលដីល្បាយក្រួសចំនួន ៣ខ្សែ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទខាងលើនេះ បាននឹងកំពុងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយថាមពល ដោយមានផ្លូវល្អសម្រាប់សម្រួលដល់ការធ្វើដំណើរការស៊ីរកទទួលទានផ្សេងៗ។
នាឱកាសនោះដែរ លោក អ៉ិន ចន្ថា រួមជាមួយគណៈកម្មាធិការអន្តរក្រសួងបានជួបសំណេះសំណាល ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន, ដោយក្នុងនោះលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្តេចលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោក អ៉ិន ចន្ថា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន ១ផងដែរ៕